អាមេរិក​ព្រមាន​ទៅ​ចិន​ថា ខ្លួន​នឹង​គ្មាន​ភាព​អត់​ធ្មត់​ត​ទៅ​ទៀត​នោះ​ឡើយ​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង

អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ចិន​អាច និង​ត្រូវ​តែ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ដើម្បី​បង្ខំ​កូរ៉េ​ខាង​ជើង ឲ្យ​បញ្ឈប់​កម្មវិធី​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​គេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គ​រដ្ឋទូត​អាមេរិក អ្នកស្រី Nikki Haley បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​សប្ដាហ៍​ក្រោយ នៅ​អំឡុង​ជំនួប​កំពូល​លើក​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ជាមួយ​មេដឹកនាំ​ចិន លោក ស៊ី ជិនពីង។

ចំ​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា ក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​មួយ​ទៀត​នោះ អ្នកស្រី Haley បាន​និយាយ​ថា ក្រុង​វ៉ាស៊ីងតោន​នឹង​មិន​រៀបចំ​កិច្ច​ពិភាក្សា​នៅ​អង្គការ​សហ​ប្រជាជាតិ​ទៀត​នោះ​ឡើយ។

អ្នកស្រី Haley បាន​បន្ត​ថា ចិន​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ខ្លួន​នឹង​ហាម​ឃាត់​ក្រុង​ព្យុងយ៉ាង​បាន តាម​រយៈ​ការ​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​ប្រឆាំង​នឹង​ការ​នាំ​ចេញ​ធ្យូង​ថ្ម​របស់​កូរ៉េ​ខាង​ជើង។

ប្រទេស​ចិន បាន​ប្រកាស​ថា ខ្លួន​នឹង​ហាម​ឃាត់​ការ​នាំ​ចូល​ធ្យូង​ថ្មពី​កូរ៉េ​ខាង​ជើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ប៉ុន្តែ ពេញ​មួយ​ខែ​នោះ​ដដែល ការ​នាំ​ចូល​ធ្យូង​ថ្ម​នៅ​តែ​ដំណើរការ​ទៅ ដោយ​កើន​ឡើង​ដល់​ទៅ ៤០​ភាគរយ​ទៀត​ផង។

អ្នកស្រី Haley បាន​ចោទ​ថា ក្រុង​ប៉េកាំង​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ធ្យូង​ថ្ម​ពី​កូរ៉េ​ខាង​ជើង តាម​មធ្យោបាយ​ផ្សេង​វិញ ហើយ​អ្នក​ស្រី​ទាមទារ​ទៅ​ចិន ឲ្យ​ចាត់ការ​រឿង​នេះ​ឲ្យ​បាន​ហ្មត់​ចត់ ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​លើ​ពិភព​លោក។

លោក ត្រាំ និង​លោក ស៊ី នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្ដាហ៍​ក្រោយ នៅ​ឯ​ទីលាន​វាយ​កូន​ហ្គោល​នៅ​រដ្ឋ​ Florida ដែល​នោះ​គឺ​ជា​ជំនួប​ត​ទល់​គ្នា​លើក​ដំបូង​រវាង​មេដឹកនាំ​មហា​អំណាច​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ