រដ្ឋាភិបាលអាមេរិក បានប្រកាសផ្តល់ថវិកាចំនួន ៥,៨ លានដុល្លារ ជាការផ្តត់ផ្គង់និងគាំទ្របន្ថែមទៀត ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ខែមេសានេះ ស្ថានទូតអាមេរិចប្រចាំកម្ពុជា ឲ្យដឹងថា ថវិកានេះនឹងបង្កើននិរន្តរភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយះការអភិរក្សកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។
លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) មានប្រសាសន៍ថា «ការរួមចំណែកទាយជ្ជទាននៅថ្ងៃនេះ រួមជាមួយនឹងការឧបត្ថម្ភរបស់ USAID កន្លងមក នឹងផ្តល់គ្រឹះហរិញ្ញវត្ថុ សំរាប់ដំណើរការរបស់ DC-Cam ក្នុងរយៈពេល២០ឆ្នាំទៀត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោកស្រីបន្តទៀតថា៖ «យើងមានមោទនភាពក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ដើម្បីបង្កើត អនាគតត្រចះត្រចង់ប្រសើរមួយ តាមរយះការ បង្រៀនយុវជនវ័យក្មេងអំពីគុណតម្លៃនៃការសិក្សា ប្រវត្តិសាស្ត្រ ការអភិរក្សវប្បធម៌របស់ពួកគេ ការ លើកតម្កើងនិងការការពារសិទ្ធិមនុស្ស» ។
ចាប់តាំងពីទាយជ្ជទាននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ USAID បានផ្តល់ថវិកាសរុប ៩,៨ លានដុល្លា ដល់ DC-Cam ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់យុត្តិធម៌របបប្រល័យ ពូជសាសន៍កម្ពុជា នៅក្នុងខែមេសាឆ្នាំ១៩៩៤។
DC-Cam ធ្វើការដើម្បីកត់ត្រា និងអភិរក្សប្រវត្តិសាស្ត្ររបបខ្មែរក្រហមសម្រាប់អ្នកជំនាន់ក្រោយ និងប្រមូលផ្តុំនិងរៀបចំព័ត៌មាន ដែលអាចធ្វើជាភ័ស្តុតាងផ្លូវច្បាប់សំរាប់បទឧក្រិដ្ឋនៃរបបខ្មែរក្រហម។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ភ័ស្តុតាង ជាងកន្លះលាន ដល់សាលាក្តីខ្មែរក្រហម ដើម្បីតំណាងឲ្យការលើកតម្កើង ការចងចាំ និងយុត្តិធម៌ ដែលជាគ្រឹះយ៉ាងសំខាន់សំរាប់និតិរដ្ឋ និងការផ្សះផ្សាជាតិពិតប្រាកដនៅ ក្នុងប្រទេសកម្ពុជា៕