នេះគឺជាការចុចបំផ្ទុះគ្រាប់មីន ដែលជានិមិត្តរូបនៃការចុះបំពេញទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអាមេរិក នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីចុងខែមីនា ឆ្នាំ២០១៧។
បើនិយាយពីការងារដោះមីន ប្រហែលគេអាចគិតមុនថាជាការងារសម្រាប់បុរសទើបសម ប្រហែលជាគ្មានស្ត្រីមកធ្វើការងារនេះទេ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ផង បញ្ហាសុខភាពផង ឆ្ងាយគ្រួសារផង។
ក្នុងចំណោមបុគ្គលិកជិត២ ០០០នាក់ របស់ស៊ីម៉ាក់ ស្ត្រីមានចំនួន១២៥នាក់ ភាគច្រើនធ្វើការនៅទីវាលជាអ្នកដោះមីន អ្នកកាន់សុនខសម្រាប់ហិតរកមីន និងសមាជិកក្រុមចល័ត ដែលទទួលខុសត្រូវកម្ទេចគ្រាប់និងក្រុមស្រាវជ្រាវជាដើម។
អង្គុយក្រោមរោងមួយក្នុងបរិវេណដ៏ធំល្វឹងល្វើយនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ក្រុមតំណាងស្ត្រីអ្នកធ្វើការវិស័យមីនប្រហែលជា២០ ទៅ៣០នាក់ ទើបតែឡើងមកពីតំបន់គោលដៅនៅខេត្តផ្សេងៗ បានមកជួបជុំគ្នាអង្គុយជជែគពីបទពិសោធន៍យូរឆ្នាំប្រាប់ដល់ក្រុមអ្នកធ្វើទស្សនកិច្ច។
លោកស្រីវេជ្ជបណ្ឌិត ម៉ារ ផាល័យ ជាអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ធនធានមនុស្ស និងសុខាភិបាល របស់ស៊ីម៉ាក់ ប្រាប់ពីប្រវត្តិដែលមានស្ត្រីធ្វើការក្នុងវិស័យមីនថា ចាប់ផ្តើមដំបូងពីក្រុមអ្នកដោះមីនសហគមន៍នៅស្រុកកំរៀងខេត្តបាត់ដំបង។ បន្ទាប់មក ស៊ីម៉ាក់ បានជ្រើសរើសនារីក្នុងសហគមន៍ដែលប្រឈមគ្រោះថា្នក់មីន នៅលើដីដែលធ្វើកសិកម្ម ដើម្បីដោះមីនក្នុងសហគន៍ខ្លួនឯងផ្ទាល់។
លោកស្រីបញ្ជាក់ថា ការងារដោះមីនមិនប្រកាន់ថាបុរស ឬនារីទេ។
លោកស្រីថា៖ «តាមពិតការងារដោះមីនមិនរើសអើងថា ប្រុសឬនារីទេ ព្រោះយើងមានបទដ្ឋានប្រតិបត្តិការច្បាស់លាស់ អញ្ចឹងឲ្យតែនារីហ្នឹងរៀនច្បាស់លាស់ត្រឹមត្រូវហើយមានការយកចិត្តទុកដាក់ ខ្ញុំជឿថានារីមានការប្រុងប្រយ័ត្ន អត់ធ្មត់ច្រើន ដូចជាមិនមានបញ្ហាចំពោះនារីទេក្នុងការដោះមីន»។
អ្នកស្រី ប៊ិន សុផាន់ណា មានតួនាទីជាអ្នកកាន់សុនខ ធ្វើការតាំងពីឆ្នាំ២០០៥ អ្នកស្រីថាធ្វើការងារដោះមីន ព្រោះចង់ជួយប្រទេសជាតិឲ្យប្រជាជនអាចធ្វើស្រែចំការបាន។ និយាយទាំងទឹកមុខញញឹមញញែម ដៃកំពុងកាន់ខ្សែសុនខឈ្មោះ កាស្ទឺ។ កាស្ទឺជាឆ្កែទី២ ហើយសម្រាប់អ្នកស្រីសុផាន់ណា ក្នុងរយៈបំពេញការងារជាង១០ឆ្នាំកន្លងមក។
អ្នកស្រីមានប្រសាសន៍ថា៖ «ទៅណាគឺ មានឆ្កែតាមរហូត ចប់ពីការងារទៅនៅផ្ទះត្រូវមើលឆ្កែ ឲ្យបាយ ដឹកជុះអាចម៍ ឈឺជាគឺទៅតាមរហូត ត្រូវយកទៅមើលរហូត។ ភាគច្រើនម្ចាស់នៅត្រង់ណា សុនខនៅត្រង់ហ្នឹង!» ។
ជាអ្នកខេត្តព្រះវិហារ អ្នកស្រី ឡា លីណា ជំនាញដោះមីន ធ្វើការឲ្យស៊ីម៉ាក់១២ឆ្នាំហើយ សព្វថ្ងៃកំពុងបំពេញភារកិច្ចនៅតំបន់មានគ្រាប់មីនក្នុងខេត្តបាត់ដំបង។ អ្នកស្រី លីណា ស្ម័គ្រចិត្តចូលដោះមីននៅក្នុងភូមិខ្លួនឯង កាលពីប្រឡូកការងារដំបូង បន្តមកទើបចុះទៅតាមគោលដៅនៅខេត្តដទៃៗ ទៀតរាប់ខែចូលដល់ឆ្នាំទាល់តែអស់គ្រាប់មីនទើបប្តូរតំបន់គោលដៅថ្មី។
ការងាររបស់ អ្នកស្រី លីណា តម្រូវឲ្យសម្រាកក្នុងតង់នៅការដ្ឋានក្បែរព្រៃ ក្បែរតំបន់ចំការមីន រាងយូរជាងគេបន្តិច ទើបទៅលេងផ្ទះម្តងព្រោះនៅឆ្ងាយ។
អ្នកស្រីមានប្រសាសន៍ថា៖ «ជួនកាលមួយខែទៅផ្ទះម្តង ពេលខ្លះហត់ពីរខែឬបីខែបានទៅ។ អត់បញ្ហាទេ! ខលទៅលេងគ្រួសារ ខលសួរសុខទុក្ខ ពេលខែខ្លះខ្ជិលជិះឡានឆ្ងាយ គាត់មកលេង!»។
ចំពោះលោកស្រីវេជ្ជបណ្ឌិត ម៉ារ ផាល័យ ទទួលស្គាល់ពីការលំបាកសម្រាប់ស្ត្រី និងបញ្ហាប្រឈមខ្លះដែរចំពោះសុខភាពពេល ដែលមានផ្ទៃពោះ ព្រោះត្រូវប្រើកាយវិការសកម្មភាពពាក់ព័ន្ធនឹងបច្ចេកទេសបន្តិចបន្តួច។
លោកស្រីមានប្រសាសន៍ថា៖ «យើងបានចេញគោលការណ៍ថាចំពោះនារីដោះមីនដែលមានផ្ទៃពោះ ឲ្យគាត់សម្រាកដោយមានប្រាក់បៀវត្សបីខែ ហើយទុកលទ្ធភាពឲ្យគាត់ ឧទារហណ៍អ្នកខ្លះគេបានបីខែ ៦ខែអញ្ចឹង គេអាចមកធ្វើការវិញបាន ទុកកូននៅជាមួយឪពុកម្តាយ ឬប្តី អ្នកនៅជិតផ្ទះមើលទៅ ហើយមួយទៀតគេអាចនៅដល់មួយឆ្នាំទំរាំកូនរាងធំអាចមកវិញបាន យើងទុកលទ្ធភាពជូនគាត់»។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា មានប្រសាសន៍បន្ថែមថា កាលពីដំបូង ការទទួលស្ត្រីមកធ្វើការ ហាក់មិនសូវជាស៊ីជម្រៅអំពីការរៀបចំច្បាប់ទម្លាប់ ដើម្បីធានាដល់ស្ត្រីឲ្យបន្តកិច្ចការទេ ព្រោះកាលណោះ សកម្មភាពមីននៅជាសកម្មភាពថ្មីទូទាំងពិភពលោក។
ទោះជាយ៉ាងណា លោកថា អង្គភាព ស៊ីម៉ាក់ នៅតែបន្តគាំទ្រនិងលើកកម្ពស់ដល់ស្ត្រីក្នុងការចូលរួមគ្រប់សកម្មភាពនៃវិស័យមីន។
លោកថា៖ «ស្ត្រីយើងលើកកម្ពស់! ហើយយើងមាននីតិវិធីច្រើនណាស់សម្រាប់ស្ត្រីក្នុងវិស័យមីន ដែលស៊ីម៉ាក់ លើកកម្ពស់ហើយបានកែប្រែច្បាប់ នីតិវិធីផ្ទៃក្នុងមួយចំនួន ដើម្បីស្របទៅតាមតម្រូវការរបស់ស្ត្រីនៅក្នុងអង្គភាព»។
បើតាមមន្ត្រី ស៊ីម៉ាក់ ចំនួនស្ត្រីដែលកំពុងបំពេញការងារក្នុងវិស័យមីនរបស់ស៊ីម៉ាក់ មានចំនួនប្រហែលតែ៧ភាគរយទេ ហើយអង្គភាព ស៊ីម៉ាក់ នៅតែត្រូវការនារី គាំទ្រសកម្មភាពបន្ថែមទៀត ដែលបើតាមចំនួនតម្រូវរបស់អាមេរិក ដែលជាប្រទេសផ្តល់ជំនួយមកស៊ីម៉ាក់ដែរ គឺចង់ឲ្យមានស្ត្រីចំនួន៣០ភាគរយ៕