មេដឹកនាំ​ហ្វីលីពីន​បណ្ដេញ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ពី​តំណែង​ជុំ​វិញ​បញ្ហា​ពុក​រលួយ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​បណ្ដេញ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​របស់​លោក​ចេញ​ពី​តំណែង ដោយ​ថា បាន​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត និង​ជំនឿ​ជឿ​ជាក់ ដែល​នេះ​គឺ​ជា​ការ​បណ្ដេញ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ដោយសារ​តែ​បញ្ហា​ពុល​រលួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ពីរ​រូប​នៅ​គណៈរដ្ឋ​មន្ត្រី​របស់​ហ្វីលីពីន។

មេដឹកនាំ​ប្រកាន់​តឹង លោក ឌូទើតេ បាន​ឡើង​កាន់​អំណាច​​កាល​ពី ១០​ខែ​មុន ក្រោយ​ពី​សន្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន អំពើ​ពុក​រលួយ និង​បទ​ល្មើស​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ លោក​បាន​បណ្ដេញ​មន្ត្រី​រាប់​សិប​នាក់​ចេញ​ពី​តំណែង ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​​ពីរ​រូប​ខាង​ផ្នែក​អន្តោ​ប្រវេសន៍ និង​អតីត​អ្នក​នាំ​ពាក្យ​ម្នាក់ ដោយសារ​តែ​បញ្ហា​ពុក​រលួយ។

លោក Ernesto Abella អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា លោក ឌូទើតេ បាន​បណ្ដេញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក Ismael Sueno ចេញ​ពី​តំណែង​ ដោយ​បញ្ជាក់​ថា ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត និង​ជំនឿ​ជឿ​ជាក់។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ចាត់​ទុក​ការ​បណ្ដេញ​ចេញ​នេះ ជា​ការ​ប្រមាន​ទៅ​ដល់​អ្នក​ដទៃ​ទៀត។

កាល​ពី​ខែ​កុម្ភៈ​កន្លង​មក លោក Sueno បាន​ជួយ​រៀបចំ​ការ​តវ៉ា​មួយ​ដែល​គាំ​ទ្រ​លោក ឌូទើតេ ដោយ​ប្រមូល​បាន​មនុស្ស​ជាង ២​សែន​នាក់ សម្រាប់​ទប់​ទល់​ទៅ​នឹង​មហា​បាតុកម្ម​មួយ ដែល​បាន​បរិហា​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ក្រោម​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក ឌូទើតេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ