ក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃម្សិលមិញថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះពលការិនីខ្មែរ ៤នាក់ និងបញ្ជូនត្រឡប់មកពីប្រទេសកំណើតវិញកាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ពលការិនីទាំង ៤នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ហើយបានស្វែងរកអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ក្រោយពីពួកគេប្រឈមនឹងការលំបាកនៅក្នុងការងារ។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦កន្លងមក ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានជួយសង្គ្រោះពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេសជាច្រើននាក់ ក្នុងនោះនៅម៉ាឡេស៊ី មានចំនួន ២៧២នាក់៕