ក្រុម​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​អះ​អាង​ថា មនុស្ស​ជាង​៦០០​នាក់​ស្លាប់​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ពីរ​ឆ្នាំ​ចុង​ក្រោយ

ក្រុម​សិទ្ធិ​មនុស្ស​ជាតិ​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ជាង ៦០០​នាក់ បាន​ស្លាប់​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍ និង​ពន្ធនាគារ នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​កន្លង​មក​នេះ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​ជា​បន្ទាន់។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦​របស់​ខ្លួន ក្រុម​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី ដែល​ហៅ​កាត់​ថា Suhakam បាន​និយាយ​ថា មនុស្​ជាង ១០០​នាក់ បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោ​ប្រវេសន៍ ហើយ​មនុស្ស ៥២១​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​កន្លង​មក។ រី​ឯ​មនុស្ស ១២​នាក់ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​ប៉ូលិស​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក។

ដោយ​ផ្អែក​តាមឯកសារ​របស់​ក្រុម​សិទ្ធិ​មនុស្ស Suhakam ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ជន​បរទេស ១១៨​នាក់ ក្នុង​នោះ​មាន​ទាំង​ពលករ​ខុស​ច្បាប់ ជន​ភៀស​ខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន បាន​ស្លាប់​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាង​ពាក់​កណ្ដាល​នៃអ្នក​ស្លាប់​ទាំង​នោះ គឺ​ជា​មនុស្ស​ចំណាក​ស្រុក​មក​ពី​ប្រទេស​ភូមា។

ក្រុម​ Suhakam បាន​និយាយ​ថា អ្នក​ស្លាប់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ និង​មណ្ឌល​ឃុំ​ឃាំង​ទាំង​អស់ ជា​ទី​ដែល​រដ្ឋាភិបាល​គួរ​តែ​កែ​លម្អ​លក្ខខណ្ឌ និង​ការ​ថែ​ទាំ​សុខមាលភាព។

អតីត​អ្នក​ជាប់​ឃុំ ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ក្រុម​សិទ្ធិ​មនុស្ស បាន​ប្រាប់​ Reuters អំពី​ស្ថានភាព​រស់នៅ​ដ៏​អាក្រក់​នៅ​មណ្ឌល​ឃុំ​ខ្លួន ដែល​ពោរពេញ​ទៅ​មនុស្ស​កក​កុញ និង​គ្មាន​អនាម័យ។

មនុស្ស​មួយ​ចំនួន​និយាយ​ថា ពួកគេ​ពុំ​ទទួល​បាន​អាហារ​ ទឹក ឬ​ការ​ថែ​ទាំ​សុខភាព​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​អ្នក​ជាប់​ឃុំ​ជាច្រើន​ប្រឈម​នឹង​ជំងឺ​ស្បែក ជំងឺ​សួត ឬ​ក៏​ជំងឺ​ឆ្លង​ផ្សេងៗ។ អតីត​អ្នក​ជាប់​ឃុំ​ទាំង​អស់ សុទ្ធ​តែ​អះ​អាង​ថា ពួកគេ​រង​ការ​វាយ​ដុំ​ពី​សំណាក់​ឆ្មាំ​មណ្ឌល​ឃុំ​ឃាំង ឬ​ក៏​ធ្លាប់​ឃើញ​ការ​វាយ​ដុំ​នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ