ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង​នៅ​ចិន​កាត់​បន្ថយ​ផលិតកម្ម​ចំ​ពេល​មាន​វិបត្តិ​មីស៊ីល

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hyundai Motor និង​ Kia Motor របស់​កូរ៉េ​ខាង​ត្បូង បាន​កាត់​បន្ថយ​ផលិតកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​អារម្មណ៍​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង និង​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ចិន បាន​គំរាម​កំហែង​ដល់​កំណើន​នៃ​ការ​លក់​រថយន្ត និង​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទំហំ​នៃ​ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​​ទាំង​ពីរ​នេះនៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​ដល់​ទៅ ៥២​ភាគរយ នៅ​ខែ​មីនា​កន្លង​មក​នេះ បើធៀប​ទៅ​នឹង​ទំហំ​លក់​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៦​កន្លង​មក។ បញ្ហា​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ធ្លាក់​ចុះ​ទេ ប៉ុន្តែ វា​ក៏​ប៉ះ​ពាល់​ដល់​ក្រុមហ៊ុន​ទាំង​ឡាយ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ដល់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ផង​ដែរ។ ការ​លក់​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ មាន​ទំហំ​ស្មើ​នឹង ១​ភាគរយ៣ នៃ​ទំហំ​នៃ​ការ​លក់​រថយន្ត​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ភាព​តាន​តឹង​នយោបាយ​រវាង​ចិន និង​កូរ៉េ​ខាង​ត្បូង បាន​កើន​ឡើង​កាន់​តែ​ខ្ពស់​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ ក្រោយ​ពី​ក្រុមហ៊ុន Lotte Group របស់​កូរ៉េ​ខាង​ត្បូង បាន​ឯកភាព​ផ្ដល់​ដី​មួយ​កន្លែង​សម្រាប់​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​កាន់​តែ​មាន​កំហឹង ប៉ុន្តែ ក្រុង​សេអ៊ូល​និយាយ​ថា ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នោះ គឺ​ជា​ការ​តប​ត​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ