លោក មូន ជែអ៊ីន ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​បក្ស ទំនង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាង​ត្បូង

មេធាវី​សិទ្ធិ​មនុស្ស​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជួយ​ឲ្យ​លោក​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី និង​ប្រហែល​ជា​ប្រកាន់​ជំហរ​ទន់​ភ្លន់​ចំពោះ​កូរ៉េ​ខាងជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា លោក មូន កំពុង​តែ​នាំ​មុខ​លើ​ការ​ស្ទាប​ស្ទង់​មតិ​នានា នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​ឡើង​ដឹកនាំ​ប្រទេស​នេះ បន្ត​ពី​អ្នកស្រី ផាក ហ្គឹនហេ ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​សម្រេច​​បណ្ដេញ​ចេញ​ពី​អំណាច​កាល​ពី​ខែ​មុន ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ​​ពាក់​ព័ន្ធ​នឹង​បណ្ដា​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​នេះ។

ប្រសិន​បើ​ជាប់​ឆ្នោត​នោះ បុរស​អាយុ ៦៤​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាន់​ជំហរ​ទន់​ភ្លន់​នៅ​ក្នុង​គោល​នយោបាយ​របស់​កូរ៉េ​ខាង​ត្បូង ចំពោះ​កូរ៉េ​ខាង​ជើង ជាពិសេស​អាច​ផ្អាក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ដែល​ជំរុញ​ឲ្យ​ចិន​ខឹង​សម្បារ។ លោក មូន ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្រកាន់​យក​វិធានការ​តឹង​រឹង​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ធំៗ។

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំ​ទ្រ លោក មូន បានថ្លែង​ថា លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បីយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្តង់ដារ​រស់​នៅ​របស់​ប្រជាជន​ដែល​កំពុង​ធ្លាក់​ចុះ ការ​កែប្រែ​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ។

នៅ​ក្នុង​គោល​នយោបាយ​ដ៏​សំខាន់​មួយ លោក មូន បាន​និយាយ​ថា គ្មាន​ជម្រើស​នោះ​ឡើយ ប៉ុន្តែ ត្រូវ​តែ​ទទួល​ស្គាល់​លោក គីម ជុងអ៊ុន ជា​មេដឹកនាំ​រដ្ឋ​ឯកោ​កូរ៉េ​ខាង​ជើង និង​ដោះ​ស្រាយ​បញ្ជា​ជាមួយ​មេដឹកនាំ​រូប​នេះ។

ប្រទេស​កូរ៉េ​ទាំង​ពីរ​នេះ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​តែ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ បាន​បញ្ចប់​ទៅ​វិញ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ផ្អាក​សង្គ្រាម​មួយ ប៉ុន្តែ មិន​មែន​ជា​សន្ធិសញ្ញា​សន្តិភាព​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ