ថៃ​ផ្ដល់​សញ្ជាតិ​ថៃ​ដល់​ក្មេងៗ​សិស្ស​សាលា​២១៣​នាក់​ដែល​គ្មាន​សញ្ជាត់​ច្បាស់​លាស់

សារព័ត៌មាន​ថៃ បាន​រាយការណ៍​ថា ក្មេងៗ​សិស្ស​សាលា ២១៣​នាក់ ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​ថៃ​ផ្ដល់​សញ្ជាតិ​ថៃ​ដូច​សិស្ស​ថៃ​ដទៃ​ទៀត។

កាសែត​បាងកក ​ប៉ុស្តិ៍​របស់​ថៃ បាន​ផ្សាយ​ថា ក្មេង​ៗ​សិស្ស​សាលា​ចំនួន ២១៣​នាក់ ដែល​ពុំ​មាន​សញ្ជាតិ​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ពេល​នេះ ពួកគេ​អាច​ទទួល​បាន​សិទ្ធិ​ដូច​សិស្ស​ដៃ​ទូទៅ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​សញ្ជាតិ​ជា​ពលរដ្ឋ​ថៃ។

បើ​តាម​កាសែត​ដដែល​នេះ ក្មេងៗ​សិស្ស​សាលា​ទាំង​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ក្មេងៗ​សិស្ស​សាលា ១១៦៤​នាក់ ដែល​ពុំ​មាន​សញ្ជាតិ​ច្បាស់​លាស់ កំពុង​រស់​នៅ​ក្នុង​ស្រុក​ថងផា និង​​បាន​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ថៃ​ នៅ​ក្នុង​ខេត្ត​កញ្ចនៈបុរី។

កាសែត​ថៃ​មួយ​នេះ បាន​ផ្សាយ​បន្ថែម​ថា ការ​ផ្ដល់​សញ្ជាតិ​ដល់​ក្មេងៗ​សិស្ស​សាលា​ទាំង​នោះ គឺ​ជា​ផ្នែក​មួយគម្រោង​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ជួយ​ដល់​ក្រុម​ក្មេងៗ​សិស្ស​សាលា ដែល​​ពុំ​មាន​សញ្ជាតិ​ច្បាស់​លាស់។

ប៉ុន្តែ កាសែត​នេះ​មិន​បញ្ជាក់​ទេ​ថា តើ​ក្មេងៗ​សិស្ស​សាលា​ទាំង​នោះ ជា​កូន​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ណា​មួយ​នោះ​ទេ។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​មាន​ជន​គ្មានសញ្ជាតិ​ច្បាស់​លាស់​ដល់​ទៅ​ជិត ៤៤​ម៉ឺន​នាក់ ដែល​ត្រូ​វ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ថៃ។

ក្រុម​អង្កេត​អន្តរជាតិ​មួយ បាន​និយាយ​ថា ចំនួន​ពិត​ប្រាកដ​នៃ​ជន​គ្មាន​សញ្ជាតិ​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ​ មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ឡើយ ប៉ុន្តែ វា​ស្ថិត​នៅ​ចន្លោះ ២​លាន ទៅ ៣.៥​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ