បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប៉ាគីស្ថាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់

ក្រុម​តាលីបង់​ប៉ាគីស្ថាន នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​អត្តឃាត​ទៅ​លើ​ក្រុម​ជំរឿន​យោធា​មួយ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៨​នាក់​ទៀត បាន​រង​របួស នៅ​ទីក្រុង​ឡាហ័រ ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់​បញ្ចាប លោក ម៉ាលីក អាម៉េដ ខាន់ បាន​និយាយ​ថា ការ​បំផ្ទុះ​មួយ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​រថយន្ត​យោធា​មួយ​គ្រឿង​នោះ បាន​សម្លាប់​ទាហាន ៤​នាក់ និង​ជន​ស៊ីវិល ២​នាក់។ រដ្ឋាភិបាល​ប្រចាំ​តំបន់ បាន​បញ្ជាក់​ថា រថយន្ត​យោធា​នោះ ស្ថិត​ក្នុង​ដំណើរ​​​ចូល​រួម​ការ​ធ្វើ​ជំរឿន​ជា​លើក​ដំបូង​របស់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​រយៈ​ពេល​ជិត ២​ទសវត្សរ៍​នេះ។

មនុស្ស​​ជា​ច្រើន​នាក់ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​ហូរ​ហែរ ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​បញ្ចប់​អំពើ​ហិង្សា​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កាន់​តែ​អាប់​អួរ ហើយ​ក៏​បាន​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ណាវ៉ាស ហ្សារីហ្វ ឲ្យ​កែ​លម្អ​សន្តិសុខ។

រូបភាព​ទូរទស្សន៍ បាន​បង្ហាញ​បុគ្គលិក​សន្តិសុខ​បិទ​ផ្លូវ​នានា​នៅ​ជុំ​វិញ​ទីតាំង​បំផ្ទុះ​គ្រាប់​បែក​នោះ ដែល​ស្ថិត​នៅ​ជិត​នឹង​សាលា​បណ្ដុះ​បណ្ដាល​ប៉ូលិស​ជាន់​ខ្ពស់​មួយ ដែល​ធ្លាប់​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​តាលីបង់​ប៉ាគីស្ថាន​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ