ចិន​បរិហា​ឥណ្ឌា​ជុំ​វិញ​ដំណើរ​ទស្សន​កិច្ច​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ទៅ​តំបន់​មាន​ជម្លោះ

ប្រទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​សម្រេច​ចិត្ត​របស់​ឥណ្ឌា​ក្នុង​ការ​រៀបចំ​ទទួល​មេដឹកនាំ​ទីបេ​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា នៅ​លើ​តំបន់​ព្រំដែន​ប្រទាញ​ប្រទង់​គ្នា​រវាង​ឥណ្ឌា និង​ចិន នឹង​បង្ក​ឲ្យ​មាន​អន្តរាយ​ធ្ងន់​ធ្ងរ ទៅ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សម្ដេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា មាន​គម្រោង​ទៅ​ទស្សនកិច្ច​រយៈ​ពេល​មួយ​សប្ដាហ៍នៅ​តំបន់​អារុណចាល ប្រាដេស ដែល​ជា​តំបន់​​ភាគ​ខាង​កើត​ជួរ​ភ្នំ​ហិមាល័យ​គ្រប់​គ្រង​ដោយ​ប្រទេស​ឥណ្ឌា ប៉ុន្តែ ប្រទេស​ចិន​អះ​អាង​ថា វា​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ទីបេ។ គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា បាន​បង្ក​ឲ្យ​ចិន​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែ​លក្រុង​ប៉េកាំង​បាន​ចាត់​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ជា​អ្នក​ដឹកនាំ​ផ្ដាច់​ទឹក​ដី​ដ៏​គ្រោះ​ថ្នាក់​បំផុត។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី ហួ ឈុនយីង បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ដ៏​ខ្លី​​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា ចិន​បង្ហាញ​ជំហរ​ប្រឆាំង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​នឹង​ដាក់​កំណត់​ហេតុ​តវ៉ា​កាទូត​ទៅ​ភាគ​ឥណ្ឌា។

អ្នកស្រី​បន្ថែម​ថា ដោយ​ហេតុ​ថា ឥណ្ឌា​មិន​បាន​អើ​ពើ​នឹង​ក្ដី​បារម្ភ​របស់​ចិន និង​នៅ​តែ​បន្ត​រៀបចំ​ដំណើរ​ទស្សនកិច្ច​នោះ ឥណ្ឌា​បាន​ធ្វើ​ឥ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​ចិន និង​ទំនាក់​ទំនាក់​ចិន-ឥណ្ឌា។

អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ បាន​ទាម​ទារ​ទៅ​ឥណ្ឌា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​អកប្បកិរិយា​ខុស​ឆ្គង​របស់​សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ផល​ប្រយោជន៍​ចិន៕

អ្នកស្រី​បន្ត​ថា ការ​ដែល​ឥណ្ឌា​ធ្វើ​ដូច្នេះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​ឥណ្ឌា​ទេ ហើយ​ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ចាំ​បាច់​នានា ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ