ផ្ទុះគ្រាប់នៅបាងកកមុន​ពេលចុះហត្ថលេខារៀបចំការបោះឆ្នោតបញ្ចប់អំណាចពួកយោធា

នគរបាលថៃបានឲ្យដឹងថា មានករណីផ្ទុះគ្រាប់ជាទ្រង់ទ្រាយតូចមួយនៅជិតនិមិត្តសញ្ញាសម្គាល់ភូមិសាស្ត្រក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធម្សិលមិញ នៅមុន​ពេលដែលមានពិធីចុះហត្ថលេខាប្រកាសឲ្យអនុវត្តន៍ជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី ដែលក្នុងនោះមានការកំណត់ពីពេលបោះឆ្នោតរើសរដ្ឋាភិបាលថ្មី​ និង បញ្ចប់ការដឹកនាំរបស់ពួកយោធា។​

នគរបាលបញ្ជាក់ថា គ្រាប់នោះគេបានទុកក្នុងធុងសំរាម​ នៅកណ្តាលទីក្រុងនៅក្បែរវិមានប្រជាធិបតេយ្យ ជាទីកន្លែងដែលអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យប្រមូលផ្តុំតវ៉ាកាលពីច្រើនទសវត្សរ៍មុន។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ករណីផ្ទុះនេះ បណ្តាលឲ្យអ្នកបោសសម្អាតតាមដងផ្លូវពីរនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារសំឡេងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ត្រចៀករបស់ពួកគេ ប៉ុន្តែមិនមានអ្នកផ្សេងទៀតរងរបួសនោះទេ។​

មេបញ្ជានគរបាលក្រុងបាងកកលោក​ Chaktip Chaijindaថ្លែងថា  ការបំផ្ទុះនេះមិនមែនជាសកម្មភាពភេរវកម្មទេ ហើយក៏មិនបានបណ្តាលឲ្យមានការចលាចលអ្វីដែរ។ ទោះយ៉ាងណានគរបាលមិនទាន់បានសន្និដ្ឋានយ៉ាងណាចំពោះការបំផ្ទុះគ្រាប់នេះនៅឡើយ។​

យោធាថៃបានធ្វើរដ្ឋប្រហារឡើងក្តោបក្តាប់អំណាចកាលពីឆ្នាំ២០១៤ ដើម្បីបញ្ចប់ភាពចលាចលនយោបាយ។  នៅថ្ងៃព្រហស្បតិ៍នេះ  ក្សត្រ Maha Vajiralongkorn ចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ជាដំណើរចាប់ផ្តើមនៃការរៀបចំឲ្យមានការបោះឆ្នោតសកលនៅឆ្នាំក្រោយនេះ។​

ការបំផ្ទុះគ្រាប់បែកជាបន្ទាប់បន្ទាប់នៅតំបន់ទេសចរណ៍ក្នុងប្រទេសថៃកាលពីខែសីហាឆ្នាំ២០១៦កន្លងទៅ បានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង និង រាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការធ្វើការស្ទង់មតិលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ