យោធា​ហ្វីលីពីន​ប៉ះ​ទង្គិច​គ្នា​នឹង​ពួក​ឧទ្ទាម​នៅ​កោះ​ទេសចរណ៍​ស្លាប់​៨នាក់

អាជ្ញាធរ​ហ្វីលីពីន និយាយ​ថា មនុស្ស ៨​នាក់ មាន​ទាំង​ជន​សង្ស័យ​ជា​​ពួក​ឧទ្ទាម​អាប៊ូសាយ៉ាហ្វ ៥​នាក់​ និង​មន្ត្រី​ ៣​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នានា​ជាមួយ​ក្រុម​ចាប់​ជំរិត នៅ​លើ​កោះ​​លម្ហែ​កាយ​​បូហូល។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អំពើ​បាញ់​ប្រហារ​គ្នា​នោះ បាន​ក្លាយ​ទៅ​ជា​ការ​បាញ់​ប្រហារ​ជា​លើក​ដំបូង​បង្ក​ឡើង​ដោយ​ក្រុម​អាប៊ូសាយាហ្វ​ នៅ​លើ​ទីតាំង​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ហ្វីលីពីន នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ក្រុម​អាប៊ូសាយាហ្វ ជា​យូរ​មក​ហើយ តែង​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​មនុស្ស​យក​ប្រាក់ ដោយ​ផ្ដោត​លើ​ជន​បរទេស នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន លោក អែដហ្កាដ អារ៉េវ៉ាឡូ បាន​និយាយ​ថា លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា សត្រូវ ៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​រឹប​អូស​បាន​កាំភ្លើង​យន្ត ៤​គ្រឿង​ពី​ក្រុម​ឧទ្ទាម។ ប៉ុន្តែ លោក​ថា មនុស្ស ៣​នាក់​របស់​រដ្ឋាភិបាល ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ ខណៈ​មន្ត្រី ២​នាក់​ទៀត​រង​របួស។

ការ​ប៉ះ​ទង្គិច​នេះ បាន​កើត​ឡើង​ក្រោយ​ពី​ស្ថានទូត​អាមេរិក និង​អូស្ត្រាលី បាន​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ អំពី​ការ​ចាប់​ជំរិត​បង្ក​ឡើង​ដោយ​ក្រុម​ភេរវជន នៅ​ភាគ​កណ្ដាល​ហ្វីលីពីន។

កោះ​បូហូល គឺ​ជា​មរណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​មួយ ជា​ទី​ដែល​ភ្ញៀវ​ទេសចរ​ហែល​ទឹក​ប្រលែង​លេង​ជាមួយ​​ត្រី​ឆ្លាម​រូបរាង​បាឡែន និង​ជិះ​ទូក​កម្សាន្ត​លើ​ទឹក​ទន្លេ​ថ្លា​ដូច​កញ្ចក់ ព្រម​ទាំង​ឆ្នេរ​ខ្នាច់​ស​ចិញ្ចាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ