ជាថ្មីម្តងទៀត ក្រសួងការបរទេសកម្ពុជា បានចេញឯកសារដល់ទៅជិត២០ទំព័រ ដើម្បីឆ្លើយតបនឹងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ ដោយថា ជាការបង្ហាញរូបភាពអវិជ្ជមាន និងដាក់កំហុសដល់រដ្ឋាភិបាលកម្ពុជា។
Facebook របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១០ មេសា ២០១៧ បានផ្សាយនូវឯកសារដ៏វែងអន្លាយចំនួន១៧ទំព័រ ដែលមានចំណងជើងថា «ប្រាប់ពីការពិត»។ ក្នុងឯកសារនេះមានរៀបរាប់ពីចំណុចមួយចំនួនដូចជា បញ្ហាសិទ្ធិមនុស្ស ដីធ្លី ប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចេញមតិ គណបក្សប្រឆាំង និងការកែប្រែច្បាប់ជាដើម។
ឯកសារក៏ឲ្យដឹងពីមូលហេតុបន្ទាន់ចាំបាច់នៃការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ថា «ដើម្បីឆ្លុះបញ្ចាំងការវិវត្តផ្នែកច្បាប់ដែលទាក់ទងនឹងការបោះឆ្នោត»។ ហើយថា «នេះជាកតព្វកិច្ចដែលមិនអាចបំពានបានរបស់រាជរដ្ឋាភិបាល ក្នុងការការពារភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងមានអត្ថិភាព»។
លោកក សួន ប៊ុនស័ក្តិ អ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស មានប្រសាសន៍ថា នេះគ្រាន់តែជាការឆ្លើយតបតដើម្បីទប់សភាពការណ៍ពីការរិះគន់ពីខាងក្រៅប៉ុណ្ណោះ «ជាការពិត! អ្វីដែលយើងមើលឃើញ គឺនៅតែជាអ្វីដែលយើងមើលឃើញអំពីសភាពការណ៍ជាក់ស្តែងនៅស្រុកខ្មែរ ក៏ប៉ុន្តែរដ្ឋាភិបាល ក្នុងឋានៈជារដ្ឋមួយ គឺមានសិទ្ធិឆ្លើយតបចំពោះសភាពការណ៍ជាក់ស្តែងដែលខ្លួនគ្រប់គ្រង ការឆ្លើយតបគឺជារឿងធម្មតា»។
កាលពីថ្ងៃទី៥ ខែមេសា ២០១៧ កន្លងទៅ សហភាពអន្ដរសភា(IPU) ដែលតំណាងឲ្យប្រទេសចំនួន១៧១ លើពិភពលោកបានចេញញត្តិមួយ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ដោយថ្កោលទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថាបានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើទុក្ខបុកម្នេញរំលោភសិទ្ធិតំណាងរាស្ដ្រគណបក្សប្រឆាំង និងមានចេតនាធ្វើច្បាប់គណបក្សនយោបាយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោត។
ចំណែកឯសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២២ មីនា ២០១៧ ក្រសួងការបរទេសកម្ពុជាបាន ហៅរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថាមានទស្សនៈចង្អៀតចង្អល់ និងខ្មៅងងឹត បន្ទាប់ពីអង្គការនេះលើកឡើងថារដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងកែច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមានភាពចម្រូងចម្រាស់ មុនការបោះឆ្នោតមកដល់។ អង្គការនេះចាត់ទុកថា ស្ថានភាពបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នស្នូលរបស់ជាតិ និងលិទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់កម្ពុជា ដោយថា អាចនឹងនាំកម្ពុជាទៅរកការដឹកនាំបែបផ្ដាច់ការ បើសិនគ្មានកិច្ចអន្តរាគមន៍ពីអន្តរជាតិនោះទេ៕