អនុ​រដ្ឋ​​មន្ត្រី​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​លើ​ការ​ផ្ទេរ​លុយ​ជួយ​ដល់​កូរ៉េ​ខាង​ជើង

អនុ​រដ្ឋ​មន្ត្រី​​សន្តិសុខ​ជាតិ​ម៉ាឡេស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​លោក​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ផ្ទេរ​មូលនិធិ​ទៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី បាន​ផ្ដល់​លុយ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ទៅ​ក្រុង​ព្យុងយ៉ាង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​សម្ដី​អ្នក​ចុះ​ចូល​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ដែល​បាន​និយាយ​ថា លោក ហាន ហ៊ុនអ៊ីល នាយក​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ដៃ​គូ​ម៉ាឡេស៊ី-កូរ៉េ MKP បាន​ផ្ដល់​លុយ​ទៅ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រុង​ព្យុងយ៉ាង គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ អស់​រយៈ​ពេល ២​ទសវត្សរ៍​មក​ហើយ។

ធនាគារ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន MKP នៅ​ទីក្រុង​ព្យុងយ៉ាង ក៏​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​អង្គការ​សហ​ប្រជាជាតិ ដែល​សង្ស័យ​ថា អាច​រំលោភ​លើ​ទណ្ឌកម្ម​នានា ដែល​បាន​ហាម​ឃាត់​ក្រុមហ៊ុន​បរទេស មិន​ឲ្យ​បង្កើត​ក្រុមហ៊ុន​រួម​គ្នា ឬ​ក៏​កាន់​កាប់​ជា​ម្ចាស់​កម្មសិទ្ធិ​ធនាគារ​កូរ៉េ​ខាង​ជើង។

អនុ​រដ្ឋ​មន្ត្រី​សន្តិសុខ​ជាតិ លោក នួរ ហ្សាស់ឡាន់ មូហាមេដ បាន​ថ្លែង​ថា ដំណឹង​ស្ដី​ពី​ការ​ផ្ទេរ​លុយ​ទៅ​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង បាន​បង្ក​អន្តរាយ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ទីក្រុង​គួឡាឡុំពួរ ក្នុង​ឋានៈ​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ។ លោក​ក៏​បាន​អំពាវ​នាវ​ទៅ​ធនាគារ​កណ្ដាល​ម៉ាឡេស៊ី ឲ្យ​ស៊ើប​អង្កេត​រក​មើល​ថា តើ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​នៅ​ម៉ាឡេស៊ី​ដោយ​មិន​ត្រឹម​ត្រូវ​មែន​ឬ​យ៉ាង​ណា។

ប៉ុន្តេ ធនាគារ​កណ្ដាល​ម៉ាឡេស៊ី មិន​ទាន់​អាច​បក​ស្រាយ​បាន​ភ្លាមៗ​ទៅ​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ