ពិធីបូជាសពស្តេចថៃ​ Bhumibol នឹងធ្វើឡើងនៅថ្ងៃទី២៦ខែតុលា

ប្រភពមន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ព្រះបរមសពក្សត្រនៃប្រទេសនេះដែលបានចូលទីវង្គតកាលពីឆ្នាំ២០១៦នោះ នឹងត្រូវបូជាជាផ្លូវការនៅថ្ងៃទី២៦ខែតុលា ហើយពិធីបុណ្យបូជាសពនេះនឹងត្រូវប្រើប្រាស់ពេលចំនួន​៥ថ្ងៃ។​

ក្រោយការកំណត់កាលបរិច្ឆេទនៃការបូជាសពនេះ ក៏មានការរៀបចំការបរិច្ឆេទនៃការឡើងសោយរាជ្យជាផ្លូវការនៃបុត្ររបស់ក្សត្រអង្គនេះផងដែរ។​ ក្សត្រ Maha Vajiralongkorn ត្រូវបានប្រកាសថា ឡើងសោយរាជ្យកាលពីខែធ្នូឆ្នាំ២០១៦ ប៉ុន្តែពិធីនឹងធ្វើឡើងជាផ្លូវការនៅពេលដែលពិធីបូជាសពបីតារបស់ព្រះអង្គរួចរាល់។​

អ្នកឃ្លាំមើលស្ថានភាពនយោបាយថ្លែងថា ការឡើងសោយរាជ្យក្សត្រថ្មី ជាផ្លូវការនេះ ជំរុញឲ្យអ្នកនយោបាយទាំងអស់បន្តចូលរួមកាន់ទុក្ខរយៈពេល១ឆ្នាំជាពេលកាន់ទុក្ខរយៈពេលវែង ចំណែការបោះឆ្នោតជាសកលនឹងបន្តអូសបន្ថាយទៅមុខទៀត។​

មន្ត្រីព្រះបរមរាជវាំងបានបញ្ជាក់ថា ក្សត្របច្ចុប្បន្នបានយល់ព្រមជាមួយគម្រោងផែនការរបស់រដ្ឋាភិបាល លើពិធីបូជាសព នៅថ្ងៃទី២៦ខែតុលា។​

ទោះយ៉ាងណានៅពេលថ្មីៗនេះ ក្សត្រថៃបានឡាយព្រះហស្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ដែលរៀបចំឡើងដោយពួកយោធារួចហើយ។ ការចូលជាធរមាននៃរដ្ឋធម្មនុញ្ញថ្មីនេះ គឺជាចំណុចចាប់ផ្តើមនៃការរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលស៊ីវិលឲ្យដឹកនាំប្រទេសនេះ បន្ទាប់ពីថៃស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាតាំងពីឆ្នាំ២០១៤មក ក្រោយពេលមានចលាចលនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ