ប្រកាន់ជំហរទុក្ខឱកាសអោយស្វាមីក្មេងមិនបានប៉ុន្មានខ្សល់សោះ អ្នកនាងស្វែង សុជាតា ក៏បានប្រកាសជាថ្មីកាលពីល្ងាចថ្ងៃទី២២ មេសា សុំអោយមន្ត្រីសមត្ថកិច្ចតាមចាប់ស្វាមីដែលអ្នកនាងអោបនៅនឹងទ្រូង ឈ្មោះ ថោង សុខុម ជាគ្រូបារមី និងជាគ្រូថ្នាំឱសថបុរាណដាក់គុកអោយបានដាច់ខាត ដោយអ្នកនាងប្រកាសថាបើស្វាមីនេះ មិនចូលគុគទេ គឺអ្នកនាងពិតជាមានហានិភ័យ។ អ្នកនាងថាស្វាមីនេះប៉ងសម្លាប់អ្នកនាង និងកូនប្រុសជាដំណក់ឈាម កាលពីថ្ងៃទី២២ មេសា ឆ្នាំ២០១៧ ទើបអ្នកនាងប្រកាន់ជំហរត្រូវតែចាប់ដាក់គុក បើទោះជាលោករត់គេច។
អ្នកនាងនិយាយថា ការវាយដំអ្នកនាងកាលពីថ្ងៃទី៩ មេសា អ្នកនាងពិតជាបានលើកលែងទោសអោយស្វាមីម្ដងរួចទៅហើយ ដោយសារតែលោក ថោង សុខុម ជាស្វាមីបានសុំកែខ្លួន និងថាមិនធ្វើអោយអ្នកនាងកើតមានរបួសស្នាមជាថ្មីម្ដងទៀត។
យ៉ាងណាមិញអ្នកនាងថាពាក្យដែលបានសន្យាបានត្រឹមតែមួយកំសួលប៉ុណ្ណោះ ដ្បិតកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ កាលពីថ្ងៃទី២២ មេសា ឆ្នាំ២០១៧ លោកបានប្រើហិង្សាជាថ្មី ដោយក្នុងហេតុការណ៍នោះ អ្នកនាងថាស្វាមីបានទាំងប៉ងសម្លាប់អ្នកនាង និងកូនប្រុសដែលស្រែកយំពេញផ្ទះនោះផង។ អ្នកនាងថាមូលហេតុឈ្លោះគ្នាគឺ ដោយសារតែអ្នកនាងដេកថ្ងូរមុខរបួសហើមថ្គាមដែលបង្កពីការវាយដុំ ហើយលោកថោង សុខុម ជាស្វាមីបានជេរប្រទិច និងបានដៀលថា មិចក៏អ្នកនាងនៅវេទនាយូរម៉េះមិនព្រមងាប់អោយបាត់។ អ្នកនាងថាពាក្យសម្ដីដ៏គួរអោយឈឺចាប់នេះ បានបណ្ដាលអោយអ្នកនាងតមាត់ ហើយជម្លោះធំដុំក៏កើតមានឡើង។
អ្នកនាងថាខ្លួនដឹងប្ដីគ្រោងប្រើហិង្សារទើបប្រឹងគេចឆ្ងាយ ហើយស្វាមីជាគ្រូផ្សំថ្នាំបុរាណ ក៏យកពូថៅវាយកំទេចទូរស័ព្ទរបស់អ្នកនាង និងឥវ៉ាន់ក្នុងផ្ទះ បណ្ដាលអោយកូនប្រុសរបស់អ្នកនាងដែលជាដំណក់ឈាមរួមគ្នាស្រែកយំខ្លាំងៗ។ អ្នកនាងថាប្ដីក្មេង បានចាក់សោរទ្វាររហូតដល់៧សោរ ព្រោះខ្លាចអ្នកនាងរត់ចេញ ហើយក៏យកកាំបិតមកជន្លប្រុងអារ–កកូនប្រុស ដោយសារតែខឹងកូននោះបន្តស្រែកយំ ហើយខ្លាចផ្អើលដល់អ្នកជិតខាង។
អ្នកនាងបានចាត់ទុកថាសកម្មភាពដែលកើតឡើងពេលនោះ ទង្វើប៉ងសម្លាប់ ដោយសារតែស្វាមីក្មេងមានបំណងបង្កហិង្សាធ្ងន់ធ្ងរលើអ្នកនាង និងកូនដូចមនុស្សកំរោលចូល។ អ៊ីចឹងហើយទើបនាងប្រកាន់ជំហរដាច់ខាតត្រូវតែប្ដឹងបុរសរូបនេះអោយចូលដេកគុគ ដោយអ្នកនាងប្រកាសថានឹងប្រមូលភស្ដុតាងពីការបង្ករបួសស្នាម និងរកសាក្សី ដើម្បីសុំអោយក្រុមសមត្ថកិច្ចជួយអន្តរាគមន៍។ អ្នកនាងថាលែងមានការយោគយល់ចំពោះប្ដីក្មេងទៀតហើយ បើទោះជាអ្នកនាងត្រូវជំពាក់គុណលោក រឿងលោកបានជួយព្យាបាលអ្នកនាងកាលពីពេលមុនក្ដី។
អ្នកនាងស្វែង សុជាតា បន្តថា មកទល់ពេលនេះប្ដីក្មេងរបស់អ្នកនាងបានរត់គេចខ្លួន គឺរត់ទន្ទឹមនឹងអ្នកជិតខាងមកគោះទ្វារជួយអន្តរាគមន៍ និងស្របគ្នាដែលអ្នកនាងបានទម្លាយព័ត៌មានអោយបណ្ដាញសារព័ត៌មានចុះផ្សាយក្រោយមានអ្នកមកជួយ។ ប៉ុន្តែអ្នកនាងថាអត់ទុករឿងនោះអោយរសាត់ដោយឯងៗទេ គឺដាច់ខាតត្រូវតែជំរុញអោយក្រុមសមត្ថកិច្ចតាមចាប់ស្វាមីនេះអោយជាប់គុកអោយបានដាច់ខាត ដោយនាងប្រកាសថាបើលោកនៅក្រៅឃុំ គឺជីវិតអ្នកនាងនឹងមិនមានសុវត្ថិភាព។
អ្នកនាងថាលោកថោង សុខុម ក្រៅពីមានចិត្តសាហាវ ក៏ចេះគ្រូគ្រាអំពើអំព័ន្ធផងដែរ ទើបអ្នកនាងយល់ថាមានតែការជាប់គុកប៉ុណ្ណោះ ទើបអ្នកនាងយល់ថាជីវិតរបស់ខ្លួនមិនមានការគំរាមកំហែង។ អ្នកនាងថាលោកគឺជាអតីតតាបសនៅភ្នំគូលែន ប៉ុន្តែបានបែកគំនិតផឹកស៊ី និងមាន មិត្តភ័ក្ត្រជាជើងកាប់ចាក់នាពេលចុងក្រោយ។ ក្នុងនោះលោកក៏មានស្រីខាងក្រៅជាប្រពន្ធចុងផងដែរ ទើបជម្លោះជាមួយអ្នកនាងចេះតែបានកើតឡើង។ អ្នកនាងថាស្រីកំណាន់របស់លោករស់នៅម្ដុំស្ទឹងមានជ័យ ជាប់ផ្ទះជួលបើកហាងលក់ឱសថរបស់អ្នកនាងកាលពីមុន ដោយអ្នកនាងប្រកាសថាលោកបានលួចលុយអ្នកនាងប្រមាណជាជាង២ម៉ឺនដុល្លារដែលបានពីការថតកុនអោយស្រីអែនជេលីណា ទៅអោយស្រីនោះផង។
អ្នកនាងនិយាយថាមានរឿងឈឺចិត្តរាប់មិនអស់ ជាពិសេសនៅពេលអ្នកនាងចាប់បានសារឆ្លើយឆ្លងជាមួយនារីកំណាន់នោះ និងបានដឹងថាលោកយកលុយជាង២ម៉ឺនទៅចិញ្ចឹមស្រីក្មេង។ អ្នកនាងប្រកាសជំរុញអោយក្រុមសមត្ថកិច្ចចាប់លោកថោង សុខុម អោយបានដាច់ខាត ដោយអ្នកនាងបញ្ជាក់ថាលោកអាចគេចទៅខេត្តស្វាយរៀង ឬលាក់ខ្លួននៅស្ទឹងមានជ័យក្នុងផ្ទះរបស់ស្រីក្មេង។ អ្នកនាងថាប្ដីក្មេង បានយកម៉ូតូធំប្រភេទSP7 ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១២១៣ តម្លៃជាង៩ពាន់ដុល្លារទៅជាមួយ ដោយមុនពេលទៅគឺបានបំផ្លាញទូរស័ព្ទរបស់អ្នកនាង និងទ្រព្យរបស់ក្នុងផ្ទះនៅបុរីប៉េងហួតផ្លូវជាសុផារ៉ា ដែលអ្នកនាងបានទិញបង់រំលោះខូចខាតមួយចំនួន។ យ៉ាងណាមិញ លោកថោង សុខុម មិនអាចសុំការបំភ្លឺជុំវិញការបញ្ជាក់របស់អ្នកនាងស្វែង សុជាតា បានទេ។