រិន សាវ៉េត ​​រៀបរាប់ពីភរិយាមុន​ទទួលមរណភាព

​​ក្រោយ​​​​​ដឹក​សព​ភរិយា​​ទៅ​ដល់​​​​​​ស្រុកកំណើត ​​ដែលស្ថិត​នៅ​​​ភូមិខ្វាវ ស្រុកសំរោង ​​ខេត្ត​​តាកែវ ​​​​លោក រិន សាវ៉េត​​ត្រូវគេ​កត់សម្គាល់​​​​​បាន​​ប្រារព្ធ​ពិធី​​បុណ្យ​សព​​​​ក្នុង​រូបភាព​​​​​​​​​​អត្តខាត់មិនសូវ​​ជា​ហ៊ឹកហ៊ាក់​ប៉ុន្មានទេ ​​បើធៀប​នឹង​កេរ្តិ៍ឈ្មោះរបស់​​លោកដែលជា​តារា​ចម្រៀង​ល្បី​​ម្នាក់​។ លោកបាន​ប្រកាស​ថា​​​​មិនតូច​ចិត្តទេ ផ្ទុយ​ទៅ​វិញ​លោក​​មានតែ​ខំ​​​ញញឹម​ និង​សប្បាយចិត្ត​ឈប់យំទៀត​ហើយ​ ​ដើម្បី​អោយ​​​​វិញ្ញាណ​ខន្ធរបស់​​​ភរិយា​បាន​​ស្ងប់​។

​​លោកថា​កាលពី​​​​​ឆ្នាំ​​​២០១៣ ភរិយា​របស់​​លោក ឈ្មោះ​ គង់ សាវី ​​​បាន​កើតជំងឺ​​ដុំគីស​​​​​​​​​គួរអោយកត់សម្គាល់​​មួយ​លើ​ទ្រូង​ស្ដាំ ​ដោយ​ក្នុង​ពេល​​នោះ​ទាំង​លោកនិង​ភរិយា​​ហាក់មិនសូវ​​​​​​ចាប់អារម្មណ៍​​​នោះទេ ដោយសារតែ​​​​ដុំសាច់​នោះ​មិនបានធ្វើ​ទុក្ខ។

​ម្យ៉ាង​មកពី​លោកនៅ​ក្នុង​ពេល​នោះ​​​​រកចំណូល​បានត្រឹមតែ​​​​​​​​ម៉ាគ្រប់ៗ​​ ​មិនសល់ដល់​​​២​​​បី​រយ​ដុល្លារ​​​​​​​​​​​​​សម្រាប់​ចូល​ពេទ្យ​នោះ​ផង ទើប​ចេះតែ​​​រង់​ចាំ​មួយថ្ងៃ​​ហើយមួយថ្ងៃ​ទៀត​។

​លោកសារភាព​ថា​​​​ហេតុ​ផលដែល​នាំអោយ​ភរិយា​ធ្លាក់ខ្លួន​​ដល់​​ដំណាក់​កាលធ្ងន់​ធ្ងរ គឺ​ដោយសារតែ​លោក​​​​​​​រវល់​​ច្រៀងព្រលឹមចេញ​​ព្រលប់​ចូល ហើយ​មិន​សូវ​បាន​យកចិត្ត​ទុកដាក់ក្នុងការ​ជូន​អ្នក​ស្រី​​ទៅ​ពិនិត្យ​។ ​​​

លោកនិយាយថា​ «​​​​​​​ក្នុង​ពេល​​ដុំ​គីស​​​​ភរិយាខ្ញុំ​​​ឡើង​ធំ ទើប​ខ្ញុំបាន​យកទៅពិនិត្យ​​ ​​ហើយក៏មិន​បាន​​​យកទៅ​ពេទ្យ​ល្អ​អីដែរ ទើបដុំសាច់​ហ្នឹង​​​វា​ចេះតែ​​រីកធំ​ទៅៗ ​​​​​​​បាន​​​​ខ្ញុំ​គាត់ស្វះ​ស្វែង​​​​រកពេទ្យ​មែន​​​ទែន!»។ ​លោកសារភាព​ថា​ភរិយា​មិនសូវរន្ធើន ទើប​បណ្ដាលអោយលោក​​​ចេះតែ​ប្រហែស​​​ និង​ជា​ហេតុ​ដែលនាំអោយ​​ជំងឺ​ដុំគីស​ប្រែ​ក្លាយជា​​​ជំងឺ​មហារីកនិង​រីករាល​ដាលខ្លាំង​។ គាប់ជួនជា​​​​ភរិយា​ចាប់​ផ្ដើម​ធ្វើទុក្ខ​​​​ក្នុង​ពេល​ការងារ​សិល្បៈ​​ធ្លាក់ចំណូលនោះ​ផងទើបស្ថានភាព​ធ្វេសប្រហែសចេះតែ​កើត​មានឡើង​។

​លោកថា​ភរិយា​ចាប់​ផ្ដើមឈឺ​ធ្ងន់​​​​កាលពី​​​​​​​​​ចុង​ឆ្នាំ​២០១៦ ​​ដោយ​​លោកបានចាត់ទុក​ថា​ជំងឺ​ដែល​បានធ្វើ​ទុក​នៅ​ក្នុង​ពេល​នោះ​​បានធ្លាក់​ដល់​កម្រិត​ហួស​ពេល​ទៅ​ហើយ ​​ទម្រាំ​លោក​​​​ទទួល​បាន​ឱកាស​​ទៅ​ព្យាបាល​ដោយឥត​គិត​ថ្លៃ​​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​​កាលពី​ដើម​ឆ្នាំ​២០១៧​អោយ​ភរិយា​។

លោកថា​​​​​​​ជំងឺ​​​មហារីក​​របស់​ភរិយា​បាន​រីករាល​​ដាល​ពី​​​​​​​​​​​​​​​​​​​​​​​​​ដើមទ្រូង ​​ដល់​​​ខួរ​ឆ្អឹង ដល់​ស្មារ​ខាង​ធ្វេង ​​និង​​ចុង​ក្រោយ​គឺ​​​​ខួរ​ក្បាល​បណ្ដាលអោយជ្រុះសក់ ​​ដោយ​មុនចែកចែកឋាន ​ភរិយា​លោក​មានអាការៈ​​​​​​​ហត់​ៗ ​​​ចុក​​​​​ផ្នែកស្មារខាង​ធ្វេង និង​​​​ធ្វើ​ទុក្ខសួត​យ៉ាង​ខ្លាំង ដោយសារតែមេរោគ​នោះ​​​បាន​ស៊ី​ដល់​​សួត។ លោកភរិយា​​​បានធ្លាក់ដល់សភាពនិយាយ​អត់​កើតនិង​គ្រាន់តែ​​ហូប​ទឹកក៏​​​អត់​កើត ​​​ទើបតម្រូវអោយ​ពេទ្យ​​ដាក់អ៊ុកស៊ីហ្សែន ​​​នៅ​មុន​ថ្ងៃ​ស្លាប់។

លោកថា​ភរិយា​​ស្ថិត​ក្នុង​សភាព​វេទនា​ខ្លាំង​ណាស់ ​​​ដោយសារតែ​មេរោគ​​ចូលស៊ី​ពេញខ្លួន ​​​ហើយ​​​​​​លោកគឺជាអ្នក​​​​​​​មើលឃើញ​ដោយផ្ទាល់ ទើប​លោកមានការ​​រន្ធត់ចិត្តនឹង​​ជំងឺ​​​​ដ៏កាច​សាហា​វ​មួយ​នេះ។ ​​លោក​ទទូច​អោយ​​​​​​អ្នកគាំទ្រ​កុំ​មើលស្រាល​​​ដុំគីស​និង​សារភាព​​​​ថាពិធី​បុណ្យ​​​​​សពរបស់​ភរិយា​មិនធ្វើ​​ឡើង​​ធំ​ដុំ​អោយសម​នឹង​​​កេរ្តិ៍​ឈ្មោះ​ក្នុងអាជីព​ជា​តារា​ចម្រៀង​របស់លោកនោះទេ ​ ​​​​​​​​​​​​​​​គឺធ្វើ​តាម​លទ្ធភាព​​​​​​​​​​​របស់​​​គ្រួសារ​​​​លោក​ប៉ុណ្ណោះ។

​លោកថា​ទីតាំង​បុណ្យ​សព គឺ​ជា​ស្រុកកំណើត​​​របស់ភរិយា​​ ដោយ​​ចំពោះរូប​​លោកគឺ​​មាន​ស្រុកកំណើត​នៅ​​​ឯខេត្ត​បន្ទាយ​មានជ័យ​ឯណោះ​ទេ។ ​លោកថា​អះអាង​​ភរិយាអត់បានរៀន​សូត្រ​អ្វីទេ ដោយ​​អ្នកស្រីជា​កូន​​​អ្នកខ្សត់​នៅខេត្ត​តាកែវនិង​បានជួប​គ្នា​ក្នុង​ពេល​​អ្នកស្រី​មកធ្វើ​​​ជា​បុគ្គលិច្នៃ​ត្បូង​​​នៅ​ក្នុង​ហាង​មួយ​នៅ​​ភ្នំពេញ​ក្នុងពេលដែលលោក​ពេល​នោះ​​​​បានច្រៀង​តាម​​រង្គសាល​ក្នុង​តម្លៃ​​​​​តិច​បណ្ដើរ​ៗ ​ធ្វើ​សំណង់​បណ្ដើរ ​និង​​​ស្គាល់​គ្នា​តាមរយៈ​​នៅ​ជួលផ្ទះ​​​​​នៅម្ដុំ​វត្ត​នាគវ័ន្ត​​ជាមួយគ្នា។

​លោកថា​​​​​​​​ទំនាក់ទំនង​ស្នេហា​​​កើត​​ឡើង​​​មុនពេល​លោក​បានច្រៀង​នៅ​ហង្ស​មាស ​​​ហើយ​ក៏​​​​មិនបាន​​រៀបការ​នោះ​ដែរ គឺ​បានត្រឹមតែ​ការ​សែន​ព្រេន​​​​​​​​​​ចាស់ៗ​​​​​​​នៅស្រុកកំណើត​ប៉ុណ្ណោះដោយសារតែ​ភាពក្រីក្រ។ ​លោកថា​ខ្លួន​​​​បន្ត​បិទ​បាំង​​​​ជំងឺរបស់ភរិយា​បានរហូត​បើ​ទោះជា​មាន​​​បណ្ដាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ហូរ​ហែរ ក៏អ្នកស្រី​​នៅតែ​មិនដឹងថា​ជំងឺ​មហារីកដែលខ្លួន​បាន​កើត​ជា​ជំងឺ​មើល​មិនជា​នោះទេ​។

​លោកនិយាយថា ​​«​​​​​​​​​ប្រពន្ធ​ខ្ញុំ​គិត​​អត់​ចេះ​អក្សរ​អីទេ ​​​ហើយស្លូត​ណាស់ ទើបខ្ញុំ​​​អត់បោះ​បង់​គាត់! មុនស្លាប់​​មានគេប្រាប់​គាត់​ថាគាត់​​​​កើត​ជំងឺ​មហារីក ​តែ​ខ្ញុំនៅតែ​កុហកគាត់​ថា​ជំងឺ​ហ្នឹង​អត់​អី​​ទេតែ​​​​​តិចទៀត​​ជា​ហើយ គឺ​​គាត់ជឿខ្ញុំ​!»។

​លោកថា​ភរិយា​មិន​មែន​​​ស្លាប់​នៅ​​​មន្ទីរពេទ្យ​រុស្ស៊ី​នោះទេ ​​​​គឺ​ក្រុម​​គ្រូពេទ្យ​បាន​យល់​ព្រម​​អោយ​​លោកយក​​​អ្នកស្រី​ចេញ​មកស្រុក​ បន្ទាប់ពី​បាន​​ដឹង​​​ថា​សភាព​អ្នកជំងឺ​​ធ្លាក់ដល់​​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល​។

​អ្នកស្រី​បាន​​​​​​​​​ដាច់​ដង្ហើម​​នៅ​វេលា​​​​​ម៉ោង​​​៣ និង​​១០​នាទី ​រសៀល​កាលពីថ្ងៃទី​​​២៣ មេសា គឺនៅតែ​ពេល​​អ្នកស្រី​​​​ត្រូវ​បាន​ដឹក​ទៅ​​ដល់ស្រុក​កំណើត​​ប្រមាណជា​​​១០នាទី​។

លោកថា​​​មុនចូលសង្គ្រោះបន្ទាន់ ​​​ភរិយា​​​របស់លោក​បាន​សុំទិញ​សក់​​តម្លៃ​​​១៥០​ដុល្លារ​​គ្រាន់​ពាក់​នឹង​គេ ហើយ​​លោកក៏​បានយល់​ព្រម​បន្ទាប់ពី​សក់កំណើត​បាន​​​ជ្រុះ​ដោយ​​ក្រោយពី​ចាក់​ថ្នាំ​គីមីបាន​ម្ដង​​​​​​ដែលមាន​កម្លាំង​ប្រសើរ​តិចអ្នកស្រី​​​​ក៏​បាន​​​​​សុំ​លោក​ប្ដី​​មកធ្វើ​បុណ្យ​​នៅ​ស្រុក​បាន​ម្ដង​​​ផងដែរ ដើម្បី​​ចែកសំពត់និង​​អាវ​​​មួយចំនួន​​​​​​​​​​​​​ជូន​ដល់​ចាស់​​ៗ។ លោករិន សាវ៉េត បញ្ជាក់​​​សព​របស់​ភរិយាលោកនឹង​បូជា​នៅ​ល្ងាចថ្ងៃ​ទី​​​២៤ មេសានេះ ​ដោយសារតែលោកអាចារ្យ​គន់​គូរ​​​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ