ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ ដោយសង្ស័យថា បានជួញដូរគ្រឿងញៀន។ នេះដោយយោងតាមសេចក្ដីរាយការណ៍ចុះផ្សាយដោយវេបសាយនគរបាលជាតិ។
វេបសាយដដែលនេះ បានបញ្ជាក់ថា ក្មេងប្រុសនោះ ត្រូវបាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួននៅក្នុងសង្កាត់បឹងកក់ ២ បន្ទាប់ពីរកឃើញក្រាមពណ៌សថ្លាចំនួន ២២កញ្ចប់តូច ដែលត្រូវបានសមត្ថកិច្ចសង្ស័យថាជាគ្រឿងញៀន។
វេបសាយដដែលនេះ បានបញ្ជាក់បន្ថែមថា ក្មេងប្រុសនោះត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយថា ដើម្បីចាត់ការតាមផ្លូវច្បាប់។
បទល្មើសគ្រឿងញៀនបានកើតឡើងរៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដោយសមត្ថកិច្ចចាប់ខ្លួនមនុស្សដល់ទៅជាង ៧ពាន់នាក់ នៅក្នុងរយៈពេលជិត ៤ខែដើមឆ្នាំ២០១៧នេះ៕