រដ្ឋអំណាចរបស់ម៉ាឡេស៊ី ប្រកាសត្រៀមចាត់វិធានការតាមផ្លូវច្បាប់លើអ្នកគ្រប់គ្រង ឬ ម្ចាស់ WhatsApp ទាំងឡាយណា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗនាំឲ្យអ្នកដែលទទួលបានមានការយល់ច្រឡំ។
អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយចម្រុះលោក Johari Gilani ថ្លែងថា នៅក្នុងច្បាប់ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយចម្រុះ ឆ្នាំ១៩៩៨ គឺផ្តល់អំណាចឲ្យចាត់វិធានការប្រឆាំងអ្នកគ្រប់គ្រងមធ្យោបាយផ្សព្វផ្សាយណាមួយដែលប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងច្បាប់នោះក៏តម្រូវឲ្យមានការដាក់ទោសផងដែរដល់អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់ ញុះញង់ និង បង្ហាញព័ត៌មានដែលច្បាប់ហាមឃាត់។
លោក Johari បញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញទំនងទំនងសង្គមទាំងនេះអាចនឹងត្រូវ ស្ថិតនៅក្រោមការស៊ើបអង្កេត គឺដោយផ្អែកទៅលើភស្តុតាងទៅតាមករណីនីមួយៗ។
ទន្ទឹមនឹងនេះ អនុប្រធានសមាគមអ្នកប្រើប្រាស់បណ្តាញសង្គមនៃប្រទេសម៉ាឡេស៊ី លោក Mohd Yusof Abdul Rahman បានស្នើឲ្យមានការដាក់ចេញទណ្ឌកម្មប្រឆាំងអ្នកប្រើប្រាស់ WhatsApp ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យបានឆាប់។
នៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលបង្កើតច្បាប់ថ្មីដែរ គឺសម្រាប់អ្នកដែលប្រើប្រាស់បណ្តាញសង្គម WhatsApp ហើយបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅក្នុងក្រុមអាចត្រូវប្រឈមជាប់ពន្ធនាគារ៕