អ្នកស្រី មឺកែល បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​រុស្ស៊ី ខណៈ​ពូទីន​គាំ​ទ្រ​ទំនាក់​ទំនង​​កាន់​តែ​ល្អ

អធិការបតី​អាល្លឺម៉ង់ អ្នកស្រី អែនជឺឡា មឺកែល នៅ​ថ្ងៃ​នេះ គ្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ទីក្រុង​លម្អែ​កាយ​​​ស៊ូឈី ស្ថិត​នៅ​សមុទ្រ​​ខ្មៅ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់អ្នក​ស្រី ទៅ​កាន់​ប្រទេស​រុស្ស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ដែល​ជា​សញ្ញា​នៃ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ជំនួប​ពិភាក្សា​រវាង​ក្រុង​ប៊ែរឡាំង និង​ក្រុង​មូស្គូ។ នេះ​ដោយ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទំនាក់​ទំនង​មេដឹកនាំ​រុស្ស៊ី និង​អាល្លឺម៉ង់ បាន​ឈាន​ដល់​ចំណុច​កំពូល ខណៈ​ដែល​ទំនាក់​ទំនង​រវាហ​ក្រុង​មូស្គូ​ជាមួយ​សហភាព​អឺរ៉ុប បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត នៅ​ក្រោយ​សង្គ្រាម​ត្រជាក់។

អ្នកស្រី មឺកែល បាន​គាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ​ទណ្ឌកម្ម​របស់​អឺរ៉ុប​ទៅ​លើ​ក្រុង​មូស្គូ ដែល​បាន​ដណ្ដើម​កាន់​កាប់​ទឹក​ដី​គ្រីមៀរ​ពី​ប្រទេស​អ៊ុយក្រែន នៅ​ឆ្នាំ​២០១៤ ព្រម​ទាំង​បាន​គាំ​ទ្រ​ពួក​បះ​បោរ​ផ្ដាច់​ខ្លួន​ស្និទ្ធ​នឹង​រុស្ស៊ី នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ថែម​ទៀត។

ក្រុង​មូស្គូ​បាន​សង​សឹក​នឹង​សហភាព​អឺរ៉ុប​វិញ តាម​រយៈការ​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​អឺរ៉ុប​ខាង​លិច។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​អ្នក​ស្រី ទៅ​កាន់​រុស្ស៊ី​កាល​ពី​សប្ដាហ៍​មុន ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប អ្នកស្រី ហ្វីដេរីកា ម័រហ្គ័រីនី បាន​អះអាង​ថា កិច្ចសហការ​ប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ មិន​បាន​ជាប់​គាំង​នោះ​ឡើយ ប៉ុន្តែ អ្នកស្រី​ថា ភាព​រីក​ចម្រើន​នោះ បាន​រង​ផល​ប៉ះ​ពាល់​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​បញ្ហា​នានា ក្នុង​នោះ​មាន​ទាំង​ប្រទេស​អ៊ុយក្រែន និង​ស៊ីរី​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មឺកែល ទៅ​កាន់​ប្រទេស​រុស្ស៊ី បាន​កើត​ឡើង​ក្រោយ​ពី​លោក ពូទីន បាន​អំពាវ​នាវ​ឲ្យ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​កម្រិត “ធម្មតា​ពេញ​លេញ” អំឡុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Sigmar Gabrial កាល​ពី​ខែ​មីនាកន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ