កូរ៉េ​ខាង​ជើង​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ជំរុញឧបទ្វីប​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ

កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​នេះ បាន​ចោទ​អាមេរិកថា បាន​ជំរុញឧបទ្វីប​កូរ៉េ​ឲ្យ​ធ្លាក់​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​មួយ​របស់​អាមេរិក បាន​ហោះ​ហើរ​នៅ​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​កង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ក្នុង​លក្ខណៈ​ជា​ការ​បង្ហាញ​សាច់​ដុំ។ នេះ​ដោយ​យោង​​តាម​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

យន្តហោះ​ទម្លាក់​គ្រាប់​បែក​ល្បឿន​លឿន B-1B ចំនួន ២​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ចំ​ពេល​ដែ​ល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ​ និង​​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​អង្គការ​សហ​ប្រជាជាតិ និង​រង​សម្ពាធ​ពី​អាមេរិក។

ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ទាំង​ពីរ​នៅថ្ងៃ​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​និយាយ​ថា លោក​បើក​ចំហរ​ចំពោះការ​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ក្នុង​កាលៈ​ទេសៈ​ត្រឹម​ត្រូវ និង​ខណៈ​ដែល​នាយក​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូង។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក មូន សាងឃ្យុន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ដ៏​ខ្លី​មួយ​នៅ​ទីក្រុង​សេអ៊ូល​ថា សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ទង្វើ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង និង​ដើម្បី​សាក​ល្បង​ភាព​ប្រុង​ប្រយ័ត្ន​ប្រឆាំង​នឹង​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ណាមួយ។

កង​ទ័ព​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក​នោះ បាន​ហោះ​ហើរ​ពី​កោះ​ Guam ដើម្បី​ចូល​រួម​សមយុទ្ធ​ជាមួយ​កង​ទ័ព​អាកាស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

កូរ៉េ​ខាង​ជើង បាន​ប្រតិកម្ម​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក​នោះ បាន​ធ្វើ​សមយុទ្ធ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ទៅ​លើ​វត្ថុ​ដ៏​ធំ​មួយ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន នៅ​ចំ​ពេល​មួយ​ដែល​លោក ត្រាំ និង​​ឈ្មួញ​សង្គ្រាម​អាមេរិក​ដទៃ​ទៀត កំពុង​តែ​ស្រែក​ពន្យុះ​ឲ្យ​ធ្វើការ​វាយ​ប្រហារ​បង្ការ​ខ្លួន​ទៅ​លើ​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ