អាមេរិក​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​នៅ​អឺរ៉ុប​ឲ្យ​ប្រុង​ប្រយ័ត្ន​ការវាយ​ប្រហារ​ភេរវកម្ម

ក្រសួង​ការបរទេស​អាមេរិក​ នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ដំណើរ​នៅ​អឺរ៉ុប ដោយ​ថា ពួកគេ​គួរ​តែ​ជ្រាប​ពី​ការ​បន្ត​គំរាម​កំហែង​នៃ​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវកម្ម​នៅ​ទូទាំង​តំបន់​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​យក​ករណី​វាយ​ប្រហារ​ភេរវកម្ម​ថ្មីៗ​នៅ​ក្នុង​ប្រទេស​បារាំង រុស្ស៊ី ស៊ុយអ៊ែត និង​ចក្រភព​អង់គ្លេស ហើយ​និយាយ​ថា ក្រុម​រដ្ឋ​ឥស្លាម និង​ពួក​អាល់កៃដា មាន​សមត្ថភាព​អាច​រៀបចំ​ផែនការ​ឲ្យ​ក្រុម​ភេរវករ​វាយ​ប្រហារ​នៅ​អឺរ៉ុប។

សេចក្ដី​ប្រកាស​ព្រមាន​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កាល​ពី​លើក​មុន​របស់ក្រសួង​ការបរទេស​អាមេរិក​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​មុន​រដូវ​វិស្សមកាល​នោះ បាន​ផុត​ទៅ​ហើយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។

មន្ត្រី​ម្នាក់​នៅ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថា សេចក្ដី​ប្រកាស​ព្រមាន​នេះ មិន​មែន​កើត​ចេញ​ពី​ការ​គំរាម​កំហែង​ជាក់​លាក់​មួយ​ណា​នោះ​ទេ ប៉ុន្តែ បាន​ទទួល​ស្គាល់​ពី​ការ​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ ជាពិសេស​នៅ​មុន​ពេល​ឈប់​សម្រាក​ក្នុង​រដូវ​ក្ដៅ។ សេចក្ដី​ប្រកាស​ព្រមាន​ថ្មី​នេះ នឹង​ផុត​កំណត់​ទៅ​នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ខាង​មុខ។

ក្រសួង​បាន​និយាយ​ថា ផ្សារ​ទំនើប អគារ​រដ្ឋាភិបាល សណ្ឋាគារ ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន កន្លែង​ថ្វាយ​បង្គំ សួន​ឧទ្យាន ព្រលាន​យន្តហោះ និង​ទីតាំង​ដទៃ​ទៀត សុទ្ធ​តែ​អាច​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ