ផ្ទុះ​អំពើ​ហិង្សា​នៅ​ប៉ារីស​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​បង្ក​ក្ដី​បារម្ភ​ខ្លាំង​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី

ទិវា​ពលកម្ម​អន្តរជាតិ​ ០១ ឧសភា នៅ​ប្រទេស​បារាំង បាន​ប្រែ​ក្លាយ​ទៅ​ជា​ផ្ទុះ​អំពើ​ហិង្សា និង​បេក្ខជន​ប្រធានាធិបតី​ឈាន​មុខ​គេ​របស់​ប្រទេស​បារាំង លោក អេម៉ានុយអែល ម៉ាក្រុន បាន​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​បេក្ខនារី​ស្ដាំ​និយម​ជ្រុល អ្នកស្រី ម៉ារីន ឡឺ ប៉ែន ដែល​បង្ហាញ​ពី​ការ​បែក​បាក់​គ្នា​ ៦​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​វគ្គ​ចុងក្រោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

ក្រុម​មន្ត្រី​ប៉ូលិស ៦​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​​ប៉ះ​ទង្គិច​នានា​រវាង​​ក្រុម​យុវជន​ពាក់​ម៉ាស់​មុខ ដែល​បាន​​គប់​​ដប​ភ្លើង​ និង​​ប៉ូលិស​ប្រឆាំង​បាតុកម្ម ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ខណៈ​ក្រុម​សកម្មជន​សហជីព​រាប់​ម៉ឺន​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ចំ​ទិវា​ពលកម្ម​អន្តរជាតិ។

រូបថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​បង្ហាញ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ម្នាក់ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​លើ​ខ្លួន។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​បារាំង លោក ម៉ាត់ធីយ៉ាស់ ហ្វេក បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នេះ និង​បាន​និយាយ​ថា មន្ត្រី​ម្នាក់​បាន​រង​របួស​រលាក​ដៃ​ធ្ងន់​ធ្ងរ ខណៈ​ដែល​មន្ត្រី​ម្នាក់​ទៀត​រង​របួស​រលាក​មុខ។

ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ទិដ្ឋភាព​នោះ បេក្ខនារី​​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល អ្នកស្រី ឡឺ ប៉ែន បាន​បង្ហោះ​សារ​ថា វា​គឺ​ជា​ភាព​រញ៉េ​រញ៉ៃ ដែល​អ្នក​ស្រី​មិន​ចង់​ឃើញ​មាន​នៅ​លើ​ដង​ផ្លូវ​ទៀត​នោះ​ទេ។

ចំណែក​លោក ម៉ាក្រុន វិញ បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​រាប់​ពាន់​នាក់​ថា លោក​ចង់​ការពារ​ប្រជាធិបតេយ្យ​សេរី ប្រសិន​បើ​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​រូប​លោក​នៅ​ថ្ងៃ​អាទិត​ចុង​សប្ដាហ៍​នេះ បន្ទាប់​ពី​អ្នក​ស្រី ឡឺ ប៉ែន ជំរុញ​ទៅ​អ្នក​បោះ​ឆ្នោត​ កុំ​ឲ្យ​ចាត់​ទុក​ពិភព​ហិរញ្ញវត្ថុ ភាព​ក្រអឺត​ក្រទូម និង​ពិភព​លុយ ជា​ស្ដេច​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ