មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហាញក្តីបារម្ភរបស់ខ្លួនថា សេរីភាពសារព័ត៌មានដែលច្រើនលើសលប់ពេកអាចបណ្តាលឲ្យមានព័ត៌មានមិនពិតច្រើន ដោយថាពេលខ្លះការរិតត្បិតសិទ្ធិសេរីភាពសារព័ត៌មានគឺវាមិនគ្រោះថ្នាក់ ដូចព័ត៌មានមិនពិតដែលបានផ្សាយចេញនោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសំដែងក្តីបារម្ភរបស់ខ្លួននៅព្រឹកថ្ងៃទី៣ ឧសភា ចំទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៧នេះថា កាលណាសេរីភាពសារព័ត៌មានច្រើនលើសលប់ពេកអាចបណ្តាលឲ្យមានព័ត៌មានមិនពិតច្រើនចូលលាយឡំ ដែលចូលមកបំផ្លាញការគិតរបស់ប្រជាពលរដ្ឋ ហើយធ្វើឲ្យពលរដ្ឋមួយចំនួនគិតថាអ្នកសារព័ត៌មានគឺសុទ្ធតែជាមនុស្សអាក្រក់ទាំងអស់ ដែលលោកថានៅពេលនោះហើយសំណេររបស់អ្នកសារព័ត៌មានមិនត្រូវបានគេឲ្យតម្លៃ ហើយសង្គមនឹងកើតមានបញ្ហាជាច្រើន។
លោកថា៖ «ដូច្នេះបន្តិចម្តងៗ អ្នកកាសែតយើងក្លាយទៅជាមនុស្សអាក្រក់ យើងនិយាយស្អីគឺគេលែងជឿរ។ អញ្ចឹងគេយកតែក្រុមគ្នាគេមកនិយាយតែរឿងខ្លីៗធ្វើឲ្យគេពេញចិត្តព្រៀត! នេះជាការបារម្ភរបស់ខ្ញុំច្រើនជាការគៀបសង្កត់ លើសេរីភាពសារព័ត៌មាន ហើយវាគ្រោះថ្នាក់ជាការគំរាមកំហែងលើអាយុជិវិតអ្នកការសែតទៅទៀត ពីព្រោះនៅពេលណាអ្នកកាសែតបាត់សំឡេងហើយ ពេលនោះសង្គមមួយនោះនឹងប្រែប្រួលច្រើនណាស់ ក្រឡាប់ចាក់ច្រើនណាស់»។
លោកបានជម្រុញទៅដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មានទាំងអស់គិតពីបញ្ហានេះឡើងវិញ និងចូលរួមក្នុងការលុបបំបាត់ព័ត៌មានណាដែលមិនពិតទាំងអស់នេះចេញ។
មន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការយូណេស្កូលោក ឆាយ សុផល ថានៅពេលដែលសង្គមមួយមានសេរីភាពសារព័ត៌មានច្រើន និងឆាប់ទៅដល់ពលរដ្ឋពេក ព័ត៌មានមិនពិតអាចជ្រៀតចូលទៅបំផ្លាញការគិតពលរដ្ឋបាន ហើយការចែកចាយបន្តនូវព័ត៌មានមិនពិតនេះវាជាគ្រោះថ្នាក់ដល់អ្នកដដែលទទួលព័ត៌មានទាំងនេះ និងសង្គមផងដែរ។
លោកថា៖ «អញ្ចឹងនៅពេលព័ត៌មានមួយត្រូវបានបញ្ជូនទៅក្នុងបណ្តាញព័ត៌មានសង្គម វាធ្វើឲ្យលឿនយកតែមែនទែនហើយប្រជាពលរដ្ឋមួយចំនួនដែលយើងដឹងហើយ គាត់មិនបានដឹងថាព័ត៌មាននោះមកពីប្រភពណា គឺធ្វើឲ្យគាត់ជឿឆាប់ជឿដូច្នេះនៅពេលដែលគាត់ឆាប់ជឿ គាត់នឹងចែកបន្តទៅទៀតមិនដឹងថានេះពិតឬមិនពិត នេះជាចំណុចអវិជ្ជមានសម្បើមណាស់។ ហើយសម្រាប់យើងជាអ្នកសារព័ត៌មានអាជីព វាជាចំណុចល្អដែលនៅពេលដែលដំណឹងនោះទទួលបានភ្លាមអញ្ចឹងយើងគួរតែទទួលបាននូវដំណឹងនោះ ដូចជាប្រភពយើងមួយអញ្ចឹង ប្រសិនជាយើងធ្វើការតាមដាន ប្រសិនបើវាមិនពិតយើងក៏ផ្សាយថាវាមិនពិត ហើយបើពិតយើងគួរផ្សាយតាមជំនាញរបស់យើង»។
តំណាងឲ្យប្រទេសដែលមានច្បាប់ស្តីពីសេរីភាពសារព័ត៌មានជាង២៥០ឆ្នាំមកហើយ និងជាប្រទេសដែលជាប់លេខពីរលើការវាយតម្លៃពីសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា លោកស្រី ម៉េរី សារជេន (Maria Sargren) មានប្រសាសន៍ថាប្រទេសអ្នកស្រីឲ្យតម្លៃទៅលើសេរីភាពនៃសារព័ត៌មាន ហើយក៏ដោយសារសារព័ត៌មាននេះហើយទើបធ្វើឲ្យប្រទេសអ្នកស្រីរីកចំរើនដូចសព្វថ្ងៃ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញលោកស្រីមើលឃើញថា ខណៈដែលការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណែតនៅប្រទេសនេះមានការរីកចំរើននោះ លោកស្រីឃើញថាគួរតែមានការលើកទឹកចិត្តបន្ថែម តែលោកស្រីថាត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ និងក្រមសីលធម៌។
តាមរយៈអ្នកបកប្រែលោកស្រីថា៖ «ពេលបច្ចុប្បន្ននេះមានប្រជាជនកាន់តែច្រើនឡើងអាចបញ្ចេញនូវគំនិតរបស់ខ្លួន ដូច្នេះទំនងយើងនឹងអាចឃើញមានអ្នកសារព័ត៌មានជាប្រជាពលរដ្ឋធម្មតា បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នេះគឺជានិន្នាការដែលផ្តល់ឲ្យការរាយការណ៍ព័ត៌មាននេះ កាន់តែទៅគៀកទៅនឹងអ្នកដែលរងផលប៉ះពាល់ ក៏ដូចជាបង្កើននូវបរិយាកាសប្រជាធិបតេយ្យច្រើនជាងមុន ក៏ប៉ុន្តែច្បាប់(កម្ពុជា) នៅមិនទាន់តាមទាន់យន្តការនេះឡើយ ដូច្នេះហើយទើបកើតមានការញុះញង់តាមអ៊ិនធើណែត។ … ក៏ប៉ុន្តែមានចំណុចសំខាន់មួយដែលអ្នកសារព័ត៌មានមិនថាពួកគេប្រើប្រាស់ប្រព័ន្ធមួយណានោះទេគឺថាពួកគេត្រូវតែផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ រាយការណ៍ឲ្យបានត្រឹមត្រូវ និងរាយការណ៍ឲ្យមានតុល្យភាព»។
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យដឹងថាសេរីភាពសារព័ត៌មាននៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣២ លើ១៨០ ដែលចំណាត់នេះបើធៀបទៅនឹងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺកម្ពុជាមានភាពល្អប្រសើរ។
ប្រទេសដែលជាប់ចំណាត់ថ្នាក់លើគេនៃសេរីភាពសារព័ត៌មាននៅឆ្នាំនេះមាន ប្រទេស ណែវេស ស៊ុយអែត និងហ្វាំងឡង់ ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់ក្រោមគេបង្អស់គឺប្រទេសកូរ៉េខាងជើង៕