មន្ត្រី៖ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​នឹងហាម​មិន​ឲ្យឃោស​នាបោះ​ឆ្នោត

សា​លារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា​ មហា​វិថី​មួយ​ចំនួន​នៅក្នុង​រាជធានីភ្នំពេញ​ នឹង​មិន​ត្រូវ​បា​ន​អនុញ្ញាត្តិ​ឲ្យ​ធ្វើ​ការ​ឃោស​នា​បោះឆ្នោត​នោះ​ទេ ដោយ​​ថា ការ​ឃោស​នា​ទាំង​នោះ​ អាច​នាំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ហែ​ក្បូន។

លិខិតចុះ​ថ្ងៃ​ទី​២៨មេសា​ឆ្នាំ​២០១៧ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវ​ និង​ផ្សារ​មួយ​ចំនួន​ រួម​ទាំងទីកន្លែង​ប្រជុំ​ជន​ខ្លះ ​ត្រូវ​បាន​សាលា​រាជ​ធានី​ស្នើ​សុំ​ដល់​គ.ជ.ប ដើម្បី​សុំ​ការ​អនុញ្ញាតិ្ត​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ឃោសនា​បោះ​ឆ្នោតលើ​មហា​វិថីទាំង​នោះ។

បើតាមលិខិតដដែល តំបន់នឹងត្រូវហាមឃាត់​ទាំង​នោះ​រួមមាន កំណាត់​​​មហាវិថីព្រះនរោត្តម មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស កំណាត់​មហាវិថី​ម៉ៅ​​សេ​ទុង កំណត់មហាវិថីទេពផន មហាវិថីព្រះសុរាម្រិត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ផ្លូវជុំ​វិញ​ផ្សារ​ធំថ្មី​ ផ្លូវជុំវិញផ្សារអូរឫស្សី ផ្លូវជុំវិញផ្សារអូឡាំពិក ផ្លូវជុំវិញផ្សារទួលទំពួង ផ្លូវជុំវិញផ្សារដេប៉ូ និងផ្លូវ​ជុំវិញ​ ផ្សារ​ដើមគរ។ ចំពោះ​ទី​ធ្លាសាធារណៈមាន​ដូច​ជា សួនព្រះបរមរាជវាំង ទីធ្លាមេរុ កន្លែងខ្លះនៃសួនមុខវត្តបទុមវត្តី ទីតាំងវិមានឯករាជ្យ ទីធ្លារូប​សំណាក​លោកយាយពេញ សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ និងសួនច្បារសម្តេចតេជោ ហ៊ុន សែន។

អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​លោក ម៉េត​ មាសភក្តី បាន​ឲ្យ​វី​អូ​ឌី​ដឹង​នៅ​រសៀល​ថ្ងៃទី៤ខែឧសភា​នេះ​​ថា សាលា​រាជធានីភ្នំពេញបាន​ដាក់​លិខិ​ត​ស្នើ​ទៅ​កាន់​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ដើម្បី​សុំ​ឲ្យ​គោល​ការ​ណ៍​ពី​គណកម្មាធិការ​ជាតិ​ ដើម្បី​ហាម​មិន​ឲ្យ​មាន​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​លើ​មហា​វិថី​សំខាន់ៗ និង​ផ្លូវ​មួយ​ចំនួនដើម្បីបញ្ជៀល​នូវ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក​បាន​ឲ្យ​ដឹងថា ​មហា​វិថី​មួយ​ចំនួន​នោះ​មាន​ដូច​ជា​ មហា​វិថីនរោត្តម​ មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ជុំ​វិញ​ផ្សារនានា​នៅ​រាជធានីភ្នំពេញ។

លោក​ថា៖ «ព្រោះ​យើង​ដឹង​ហើយ​ថា​ទោះ​បី​ជា​មិន​មាន​ក្បូននៃ​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត យើង​ទទួល​ស្គាល់​ថា​ក្រុ​ង​ភ្នំពេញរ​បស់​យើង​នេះ​កំពុង​ប្រឈម​នឹ​ង​ការ​កកស្ទះ​ចរាចរណ៍ថ្ងៃ​ធម្មតា​យើង​គ្រាន់​តែ​ជិះ​ចូល​ទៅ​ក្នុង​ផ្សារ​តំបន់​ដែល​ខ្ញុំ​និយាយអំបាញ់មិញ​នេះក៏​វា​មាន​ការ​កកស្ទះ​រួច​ទៅហើយ »។

ទោះ​ជា​យ៉ាង​ណា​លោក​ថា ការ​​ស្នើនេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​យ៉ា​ងណា​នោះ​ទេ​ពី​គ.ជ.ប។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា​ លោក​នៅមិន​ទាន់ឃើញ និង​ទទួល​បាន​លិខិត​ស្នើ​សុំរបស់សាលារាជធានីនៅឡើយទេ តែ​លោក​ថា​នឹងព្យាយាមទាក់​ទង​ទៅ​ផ្នែក​រដ្ឋបាលដើម្បី​យក​ករណីនេះ ​មក​ពិភាក្សា​។

លោក​ថា៖ «​ខ្ញុំ​គិត​ថា​ យើងត្រូវ​ពិនិត្យ​ទៅ​លើភាព​ចាំ​បាច់​នៃដំណើរ​ការ​ទូ​ទៅ​ក្នុង​នោះ​យើង​ឃើញ​ថា​មា​នទិដ្ឋភាព​ពីរ ទិដ្ឋ​ភាព​មួយ​ គឺ​ទាក់​ទង​នឹង​ការ​គ្រប់​ដែន​ដី​របស់​អាជ្ញាធរ ហើយ​ទិដ្ឋភាព​ទី​ពីរគឺ​ទាក់​ទង​នឹង​ច្បាប់​ស្តីពី​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។ […] គ.ជ.ប ​ត្រូវ​មើល​ឲ្យ​ឃើញ​ថា ​តើការ​ស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​ហែក្បួន​ទៅ​លើ​ផ្លូវ​មួយ​ចំនួន​នោះ វា​ផ្តោ​តទៅលើ​ផ្លូវ​ទាំង​មូល​របស់​រាជ​ធានី​ ឬ​ក៏​អត់​ទេ។ អញ្ចឹង​ទេ​ប្រសិន​ជា​ការ​ហាម​នៅ​ផ្តោ​តទៅ​លើ​សង្កាត់​ទាំង​មូល​តែ​ម្តង​នោះ​ប្រាកដ​ជា​មាន​ការ​លំបាក »។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជ​ន​កម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​គាំ​ទ្រ​​ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជធានី​នេះ។

លោក​ថា៖ «ទោះ​បី​ជា​ការ​បិទ​នេះ ​ផ្លូវ​តូច​ ផ្លូវ​ធំ​ក្តី ​ថា​វា​អាចផ្តល់​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ហ្នឹង​ ហើយ​បាន​ជារាជ​ធានី​ភ្នំពេញ ​គាត់​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ស្នើ​សុំ​គ.ជ.ប ដើម្បី​កុំ​ឲ្យ​គណបក្ស​ឃោស​នាឆ្លងពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយឲ្យ​វា​ស្រប​តាម​ខ្លឹម​នៃ​ច្បាប់​ ហើយ​ម្យ៉ាង​ឲ្យ​វា​ស្រប​ទៅ​នឹង​ច្បាប់​ផង​ »។

មន្ត្រី​ជាន់​ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ ចាត់​ទុក​គំរោងការ​ហាម​ឃាត់​នេះ ថាទំនងជា​ចេតនា​នយោបាយច្រើន​ជាង ​ដើម្បី​ខិត​ខំ​បិទ​សំឡេង​គណបក្ស​ដទៃ​ ​ខណៈបក្ស​កាន់​អំណាច​អាច​មានលទ្ធភាព​ និង​មធ្យោបាយ​ផ្សព្វផ្សាយផ្សេង​ពី​ការ​ឃោស​នា ដោយ​ហែ​ក្បូន​ច្រើន​ជាង​បក្ស​ដទៃ។

លោកថា៖ «គួរ​តែ​គ.ជ.ប​ ពិចារណា​ឲ្យ​បាន​ជ្រៅ​ជ្រះ​មុន​នឹង​សម្រេច​យ៉ាង​ណា។ ព្រោះ​នៅ​ក្នុង​ប្រទេស​កាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដទៃ​ទៀត ដូច​ជា មិន​មាន​ប្រទេស​ណា​គេ​ហាម​ឃាត់​មិន​ឲ្យ​ឃោស​នា​នៅ​ក្នុង​តំបន់ ដែល​មាន​ពល​រដ្ឋ​ច្រើននោះ​ទេ គឺយើង​ធ្វើ​ការឃោសនា គឺ​ដើម្បី​បញ្ជូន​សារ​នេះ​ទៅពល​រដ្ឋ​ ហើយ​បើ​ទី​ប្រជុំ​ជន​មិន​ឲ្យ​ឃោសនា ឲ្យ​យើង​ទៅ​ឃោស​នា​នៅ​ទីណា! នេះ​ជា​ការ​បង្ហាញ​នូវការ​ខ្វះ​ការ​ទទួល​ខុសត្រូវ របស់អាជ្ញា​ធរ​ដែល​តែង​តែ​បង្កការ​លំបាកដល់​សិទ្ធិ​របស់​ពល​រដ្ឋ សិទ្ធិរបស់​គណបក្ស​នយោបាយ​ដោយ​លំអៀង ដោយ​ច្រើន​តែ​ប្រើ​តួនាទី​លំអៀង​ទៅ​កាន់​គណបក្ស​របស់​ខ្លួន​នោះ »។ ​

នាយក​ប្រតិបត្តិអង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយហៅកាត់​ថា នីច​ហ្វិក លោក សំ គន្ធា​មី មាន​ប្រសាសន៍​​​ថា​​​​ បំរាម​ទៅ​លើមហាវិថី​មួយ​ចំនួននោះ ​វា​មិន​សូវ​ចោទ​ជា​បញ្ហានោះ​ទេ តែ​លោក​ថា ការហាមឃាត់​ទៅ​ដល់​ទី​ប្រជុំ​ជន និង​ផ្លូវ​ជុំ​វិញ​ផ្សារ​នោះ គឺ​វាបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ឃោស​នា​ដោយ​សេរីរបស់​គណបក្ស​នយោបាយ​។

លោក​ថា៖ «ប៉ុន្តែ​ផ្លូវ​ដែល​មាន​ទី​ប្រជុំ​ជន​ដែល​ក្បែ​ៗ​ផ្សារ​ ដែល​មាន​មនុស្ស​កុះ​ករ​ហ្នឹងមិន​គួរ​បិទ​ទេ​ ព្រោះ​អី​គណបក្ស​នយោបាយគាត់​ត្រូវ​ទី​ជួបសាធារណៈ […]គាត់​ត្រូវ​ផ្ញើរ​សារ​នយោបាយកម្មិវធីគោល​នយោបាយ​គាត់​នៅ​ហ្នឹង ហើយ​បើ​គាត់បិទ​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​នៅ​តាម​ផ្សារ​ថ្មី ផ្សារ​អូឡាំ​ពិច ផ្សារ​ចាស់​អី​ហ្នឹង វា​ជា​ទី​កន្លែង​ដែល​ត្រូវ​ផ្សព្វផ្សាយ​គោល​នយោ​បាយ​បក្ស​ កម្ម​វិធីគោល​នយោបាយ​របស់​គាត់ […]»។

ការ​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់សម្រាប់​អណត្តិ​ទី​៤​ឆ្នាំ​២០១៧ នេះនឹងប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ឧសភា ដល់​ថ្ងៃ​ទី២មិថុនា​ឆ្នាំ​២០១៧។ ចំណែក​​ឯការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទី​៤មិថុនា​ឆ្នាំ​២០១៧៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ