មេធាវីការពារសិទ្ធិមនុស្សម្នាក់នៅថៃប្រឈមជាប់ទោស១៥០ឆ្នាំព្រោះប្រមាថស្តេច

មេធាវីការពារសិទ្ធិមនុស្សល្បីឈ្មោះមួយរូបនៅថៃ ប្រឈមនឹងជាប់ពន្ធនាគាររយៈពេល១៥០ឆ្នាំ ដោយចោទប្រកាន់លើ១០ករណីផ្សេងគ្នា ក្រោមបទចោទបង្ខូចកេរ្តិ៍ស្តេច។​

តាមការឲ្យដឹងពីក្រុមអ្នកការពារសិទ្ធិមនុស្សឲ្យដឹងថា មេធាវីរូបនោះឈ្មោះ Prawet Prapanukul អាយុ៥៧ឆ្នាំ បានផ្តល់ជំនួយផ្នែកច្បាប់ដល់ សមាជិកបក្សប្រឆាំងគឺ ក្រុមរណសិរ្សបង្រួបបង្រួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ និង បានបម្រើជាអ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់ ។​នេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

មេធាវីរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយការវាយឆ្មក់ចូលក្នុងផ្ទះរបស់លោក និង មានកម្លាំងឡោមព័ទ្ធផងកាលពីចុងសប្តាហ៍មុន។​​

មេធាវី Prawet ត្រូវបានគេនាំខ្លួនទៅតុលាការក្នុងក្រុងបាងកក កាលពីថ្ងៃពុធម្សិលមិញ ហើយបានចោទប្រកាន់ចំនួន​១០ករណីពាក់ព័ន្ធការប្រមាថរាជវង្ស និង ៣ករណីទៀត បំពានមាត្រា១១៦ នៃក្រមព្រហ្មទណ្ឌរបស់ថៃ ពីបទធ្វើឲ្យកើតមានចលាចល។​

លោក Anon Nampha មេធាវីការពារសិទ្ធិមនុស្សនៅថៃថ្លែងប្រាប់រ៉យទ័រថា ចំពោះ១០ករណី ដែលចោទថា ប្រមាថដល់ខ្សែរាជវង្សនោះ លោក Prawet អាចប្រឈមមុខនឹងការជាប់ទោស១៥០ឆ្នាំ បើសិនជារកឃើញថា មានកំហុសដូចការចោទប្រកាន់មែននោះ។​ ចំណែកបទចោទ៣ផ្សេងទៀតទាក់ទងការចោទថា ធ្វើឲ្យមានចលាចលអាចជាប់ទោស៧ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ