ក្រុម IS ចូលភាគខាងត្បូងថៃកន្លែងកំពុងមានការបះបោរ

ទីភ្នាក់ងារពង្រឹងសន្តិសុខរបស់ថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរម៉ាឡេស៊ីថា ក្រុមបណ្តាញរដ្ឋឥស្លាម ដែលបង្កអំពើភេរវកម្មបានចូលដល់ភាគខាងត្បូងថៃជាកន្លែងកំពុងមានក្រុមបះបោរឥស្លាមផ្តាច់ខ្លួនធ្វើសកម្មភាព។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិរបស់ថៃ លោក Maj Gen Kongcheep Tantravanich ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក​ Prawit Wongsuwon បានបញ្ជាទៅក្រុមចារកម្ម ឲ្យទាក់ទងផ្លាស់ប្តូរព័ត៌មាន និង បញ្ជាក់ពីរបាយការណ៍របស់ម៉ាឡេស៊ីដែលបញ្ជាក់ថា ពួកISចូលភាគខាងត្បូងនៃប្រទេសថៃ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។​

លោក​ Prawit បានបញ្ជាក់ឲ្យ យោធាភូមិភាគ៤ និង នគរបាល មានការប្រុងប្រយ័ត្នខ្ពស់ និង តាមដានស្ថានការណ៍បានច្បាស់លាស់បំផុត។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ បញ្ជាក់ថា ថៃបានទទួលរបាយការណ៍ពីម៉ាឡេស៊ីជុំវិញករណីពួកISនេះ ហើយ ដែលបញ្ជាក់ថា មានការឆ្លងកាត់ព្រំដែនចូលភាគខាងត្បូង។​ លោក​ក៏បានអំពាវនាវកុំឲ្យពលរដ្ឋមានការភ័យខ្លាច ហើយឲ្យមានការជឿជាក់លើរដ្ឋាភិបាលថា ប្រាកដជាអាចការពារសន្តិសុខសុវត្ថិភាពបានជុំវិញការគំរាមកំហែងនានា។​

មួយរយៈចុងក្រោយនេះ អាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួន អ្នកពាក់ព័ន្ធនិងក្រុមIS ជាបន្តបន្ទាប់ ដែលអ្នកខ្លះ មានបំណងធ្វើដំណើរទៅកាន់ប្រទេស៊ីរី  អ្នកខ្លះគៀងគរ មនុស្ស និង ថវិកា ដើម្បីជួយដល់ក្រុមIS ដែលកំពុងធ្វើសកម្មភាពនៅស៊ីរី និង អ៊ីរ៉ាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ