លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថាលោកនៅតែមានសុខភាពល្អ បន្ទាប់ពីលោកបានទៅសម្រាកនិងពិនិត្យសុខាភាព នៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរីជាបន្ទាន់កាលពីសប្តាហ៍មុន នឹងបានថ្លែងព្រមានទៅកាន់ក្រុមអ្នកដែលប្រមាថជីវិតលោកថា កុំឲ្យសង្ឃឹមពីព័ត៌មាននៃការស្លាប់របស់លោកឲ្យសោះ។
ថ្លែងនៅក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី១៥៤ នៅព្រឹកនេះ លោក ហ៊ុន សែន បានយកឱកាសថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជូនពរលោក និងអះអាងថា រហូតមកដល់ថ្ងៃនេះ សុខភាពរបស់លោកគឺនៅតែរឹងមាំដដែល។
បន្ថែមពីនេះ លោកក៏បានឆ្លើយតបទៅកាន់ក្រុមមនុស្សមួយចំនួន ដែលមិនពេញចិត្តនឹងលោក នឹងបានប្រមាថដល់ជីវិត ដោយថា កុំឲ្យសង្ឃឹមពីព័ត៌មាននៃការស្លាប់របស់លោកឲ្យសោះ ហើយថា ជីវិតនិងការងារ ដែលលោកមានសព្វថ្ងៃនេះ គឺជាអ្វីដែលបានផ្តល់ឲ្យដោយទេវតា។
លោកថា៖ «អ្នកមិនអាចបន់ស្រន់ឲ្យទេវតាឆក់យកជិវិតរបស់ខ្ញុំទេ ព្រោះទេវតាបានចារមកឲ្យខ្ញុំនៅទីនេះច្រើនឆ្នាំហើយ រាប់ទាំងអស់លោក ដែលប្រមាថជីវិតរបស់ខ្ញុំផងដែរ ដែលធ្វើឲ្យលោកបានរស់ ជីដូនជីតារបស់លោកបានរស់។ ការប្រមាថរបស់អស់លោក ឬអ្នកទាំងឡាយ វាក្លាយជាបណ្តាសារទៅលើអស់លោកទៅវិញទេ។ សុំកុំសង្ឃឹមអំពីការចាំ ហ៊ុន សែន ងាប់។ វាងាប់ទៅណាវា បើវាមកឈរ និយាយអញ្ចឹង ហើយនិយាយឭទៀត »។
កាលពីថ្ងៃពុធសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានធ្លាក់ខ្លួនឈឺ ដោយសារការហត់នឿយនឹងការងារ ហើយលោកត្រូវបញ្ជូនទៅសម្រាកពេទ្យជាបន្ទាន់ នៅមន្ទីរពេទ្យមួយនៃប្រទេសសឹង្ហបុរី។
ក្នុងពេលលោកសម្រាកព្យាបាលជាបន្ទាន់នេះ ក៏មានផងដែរនូវសារជូនពរ និងមានសារខ្លះទៀតជាការប្រមាថដល់ជិវិតរបស់លោក ដែលទំនងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី មានប្រតិកម្មតបវិញនៅថ្ងៃនេះ៕