​ម៉ាឡេស៊ី​អះ​អាង​ថា មេ​ភេរវករ​​រដ្ឋ​ឥស្លាម​ដើម​កំណើត​ម៉ាឡេស៊ី​ស្លាប់​ហើយ

ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា មេ​ភេរវករ​ជាន់​ខ្ពស់​មាន​ដើម​កំណើត​ម៉ាឡេស៊ី លោក មូហាំម៉េដ វ៉ាន់ឌី មូហាម៉េដ ចេឌី ដែល​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ បាន​ស្លាប់​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

សារព័ត៌មាន​សិង្ហបុរី​បាន​ចុះ​ផ្សាយ​ដូច្នេះ បន្ទាប់​ពី​មេ​ប៉ូលិស​ម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ បាន​បង្ហោះ​សារ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រោយ​សិក្សា​លើ​ព័ត៌មាន​សម្ងាត់​ដែល​ទទួល​បាន ប៉ូលិស​ម៉ាឡេស៊ី​អាច​បញ្ជាក់​បាន​ថា មូហាំម៉េដ វ៉ាន់ឌី ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​តំបន់​ Raqqa ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា។

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ដឹង​ពី​ការ​ស្លាប់​របស់​ភេរវករ​រូប​នេះ បន្ទាប់​ពី​ភរិយា​របស់​គេ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ប៉ុន្តែ អាជ្ញាធរ​ម៉ាឡេស៊ី​មាន​មន្ទិល​សង្ស័យ​ច្រើន​ទៅ​លើ​ដំណឹង​នេះ។

មេ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី លោក អាយ៉ូប ខាន់ បាន​ប្រាប់​សារព័ត៌មាន​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន​ថា សារ​ដែល​បាន​បង្ហោះ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភេរវករ វ៉ាន់ឌី ដោយ​ផ្ទាល់ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន។

សារព័ត៌មាន​សងិ្ហបុរី​បាន​ចុះ​ផ្សាយ​ថា ភេរវករ វ៉ាន់ឌី មិនត្រឹម​តែ​​ត្រូវ​បាន​ប្រទេសម៉ាឡេស៊ី​ និង​អាមេរិក​ស្វែងរក​ចាប់​ខ្លួន​​ដោយសារ​តែ​សកម្មភាព​នានា​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​នោះ​ទេ ប៉ុន្តែ ក្រុម​រដ្ឋ​ឥស្លាម​ក៏​តាម​ចាប់​ខ្លួន​រូប​គេ​ផង​ដែរ ក្រោយ​ពី​រង​ការ​ចោទ​ថា បាន​កេង​ប្រវ័ញ្ច​លុយ​ពី​មូលនិធិ​នានា ដែល​ប្រមូល​បាន​ពី​ក្រៅ​ប្រទេស សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ វ៉ាន់ឌី ត្រូវ​អាមេរិក​បញ្ចូល​ក្នុង​បញ្ជី​ក្រុម​ភេរវករ​កាល​ពី​ខែ​មីនា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ