រញ្ជួយ​ដី​កម្រិត​មធ្យម​នៅ​ភាគ​ខាង​លិច​ចិន សម្លាប់​មនុស្ស​៨​នាក់ របួស​២០​នាក់

រញ្ជួយ​ដី​កម្រិត​មធ្យម​មួយ​ដែល​បាន​វាយ​ប្រហារ​កៀក​ផ្ទៃ​លើ​នៃ​ផែនដី បាន​សម្លាប់​មនុស្ស ៨​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០​នាក់​ទៀត​រង​របួស នៅ​ភាគ​ខាង​លិច នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ដក​ស្រង់​សម្ដី​រដ្ឋបាល​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ប្រចាំ​តំបន់។

រញ្ជួយ​ដី​ពេល​ព្រឹក បាន​វាយ​ប្រហារ​តំបន់ Taxkorgan ជា​តំបន់​ជួរ​ភ្នំ​ដាច់​ស្រយាល ក្នុង​តំបន់​ស៊ិនជាំង ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​នឹង​ប្រទេស​តាជីគីស្ថាន អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។ រដ្ឋបាល​រញ្ជួយ​ដី​តំបន់​ស៊ិនជាំង បាន​និយាយ​ថា ផ្ទះ​សម្បែង​ជាង ១៨០​ខ្នង បាន​ដួល​រលំ​នៅ​តាម​តំបន់​សម្បូរ​ទៅ​ដោយ​ប្រជាជន។

ទីភ្នាក់ងារ​ស្ទង់​​ភូមិសាស្ត្រ​អាមេរិក បាន​និយាយ​ថា រញ្ជួយ​ដី​កម្រិត ៥.៤​រ៉ិកទ័រ បាន​កើត​ឡើង​នៅ​ជម្រៅ ១០​គីឡូ​ម៉ែត្រ​ក្នុង​ផែនដី នៅ​ម៉ោង ៥ និង​៥៨​នាទី។ កម្រិត​រញ្ជួយ​នោះ បង្ក​ឲ្យ​មាន​រំញ័រ​ខ្លាំង​នៅ​លើ​ផ្ទៃ​ផែនដី ដែល​អាច​បង្ក​មហន្តរាយ​កាន់​តែ​ធំ។

គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើង​ជា​ធម្មតា​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន ប៉ុន្តែ ដោយសារ​តំបន់​នោះ​មាន​ដង​ស៊ីតេ​ប្រជាជន​ទាប ទើប​មហន្តរាយ​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា រញ្ជួយ​ដី​កម្រិត ៦.៨​រ៉ិកទ័រ កាល​ពី​ឆ្នាំ​២០០៣ នៅ​ក្នុង​តំបន់​ជិត​នោះ បាន​សម្លាប់​មនុស្ស​ដល់​ទៅ ២៦៨​នាក់៕

រញ្ជួយ​ដី​ខ្លាំង​ក្លា​បំផុត​នៅ​ក្នុង​ប្រទេស​ចិន បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៨ នៅ​តំបន់​ស៊ីឈួន ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៩​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ