ប្រធានស្តីរបស់ការិយាល័យស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធ (FBI) ថ្លែងប្រាប់សភាអាមេរិកកាលពីម្សិលមិញថា ប្រធានាធិបតី ដូណល ត្រាំ ផ្ទុះកំហឹងដកលោក ខូមី ចេញពីតំណែង គឺមិនអាចបញ្ចប់ការស៊ើបអង្កេតករណីចោទថា រុស្ស៊ីលួចកែប្រែទិន្នន័យការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦នោះទេ។
ត្រាំ បានសម្រេចបណ្តេញនាយក FBI គឺលោក ខូមី ចេញពីតំណែង ដោយសំអាងហេតុផលថា ស្ថាប័ននេះ បរាជ័យក្នុងការស៊ើបអង្កេតករណីលោកស្រី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកប្រើប្រាស់អ៊ីម៉ែលឯកជន។ ប៉ុន្តែក្រុមមួយទៀតលើកឡើងថា លោក ត្រាំ ធ្វើបែបនេះ ដោយសារ FBI បើកការស៊ើបអង្កេតករណីចោទថា រុស្ស៊ីលួចចួលតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីកែប្រែទិន្នន័យឲ្យលោក ត្រាំ ឈ្នះការបោះឆ្នោត ហើយទទួលបានតំណែងជាប្រធានាធិបតី។
នាយកស្តីទីនៃ FBI លោក Andrew McCabe ថ្លែងប្រាប់ព្រឹទ្ធសភាថា មិនអាចបញ្ឈប់ការស៊ើបអង្កេតករណីចោទថា រុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិកបានទេ។ លោកថា មន្ត្រីរបស់FBI នៅតែបន្តការងាររបស់ពួកគេ ហើយអ្វីដែលពួកគេធ្វើគឺគោរពទៅតាមតួនាទីត្រឹមត្រូវ។
ទន្ទឹមនឹងនោះ លោក McCabe បានបកស្រាយប្រាប់ព្រឹទ្ធសភាចំពោះ សេតវិមានដែលលើកឡើងថា លោក Comey បានបាត់បង់ការជឿជាក់ពីមន្ត្រីនៅFBIនោះ ថា ជាការលើកឡើងមិនពិត។ លោកថា លោក Comey ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទទួលបានការគោរពឲ្យតម្លៃខ្ពស់។ លោក McCabe ថា លោកមានការគោរពនឹងឲ្យតម្លៃខ្ពស់ទៅលើសមត្ថភាព និង ភាពស្មោះត្រង់របស់លោក Comey។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការនៃព្រឹទ្ធសភាលោក John Warner បានហៅការបណ្តេញលោក ខូមី ចេញពីតំណែងនេះ ជាបញ្ហាធំមួយ។ លោក John Warner បានលើកឡើងថា លោក ខូមី បានមានសកម្មក្នុងការស៊ើបអង្កេតពីភាពត្រឹមត្រូវនៃលទ្ធផលឈ្នះឆ្នោតរបស់លោកត្រាំក្នុងការទំនាក់ទំនងជាមួយរដ្ឋអំណាចនៃប្រទេសរុស្ស៊ី៕