តួលេខពីរដ្ឋាភិបាលជប៉ុនបានបង្ហាញនៅថ្ងៃនេះថា សេដ្ឋកិច្ចជប៉ុនមានកំណើន ០.៥ភាគរយ នៅក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ដែលនេះគឺជាកំណើនសេដ្ឋកិច្ច ៥ត្រីមាសជាប់ៗគ្នា និងមានរយៈពេលវែងជាងគេបំផុត នៅក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា កំណើននៃការនាំចេញដ៏ធំ បានជំរុញដល់កំណើនផលិតផលក្នុងស្រុកសរុប ឲ្យមានកំណើនពី ០.៣ភាគរយនៅត្រីមាសទី៤ឆ្នាំ២០១៦ មកដល់កំណើន ០.៥ភាគរយ នៅត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ។
AFP បានផ្សាយថា កំណើនសេដ្ឋកិច្ចជប៉ុនក្នុងល្បឿនបែបនេះ វាស្របគ្នាទៅនឹងការរំពឹងទុកនៅលើទីផ្សារហិរញ្ញវត្ថុ។
មហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣នេះ កំពុងមានសន្ទុះឡើងវិញដោយសារតែល្បឿននៃការនាំចេញដ៏រឹងមាំ ព្រមជាមួយការវិនិយោគពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០ ខាងមុខ។ ទីផ្សារការងារ មានភាពតឹងតែង ហើយទំនុកចិត្តពាណិជ្ជកម្មមានកម្រិតខ្ពស់។
ប៉ុន្តែ កម្រិតនៃការចំណាយរបស់អ្នកប្រើប្រាស់ នៅតែមានល្បឿនយឺតយ៉ាវនៅឡើយ ហើយការខិតខំប្រឹងប្រែងកាត់បន្ថយកម្រិតបរិផរណានោះ បានធ្លាក់ចុះយ៉ាងច្រើន បើទោះបីជាធនាគារកណ្ដាលជប៉ុនបានព្យាយាមបន្ធូបន្ថយអត្រារូបិយវត្ថុប៉ុន្មានឆ្នាំមកហើយក្ដី។ ការចំណាយរបស់ប្រជាជន មានចំនួនច្រើនជាងពាក់កណ្ដាលនៃ GDP របស់ប្រទេសជប៉ុន។
ទោះជាយ៉ាងណា សន្ទុះកំណើនសេដ្ឋកិច្ចថ្មីៗនេះ បង្ហាញឲ្យដឹងថា សេដ្ឋកិច្ចជប៉ុនមានល្បឿនងើបឡើងវិញយ៉ាងល្អបំផុតចាប់តាំងពីឆ្នាំ២០០៦មក អំឡុងអណត្តិអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយ លោក ជូនីឈីរ៉ូ កូអ៊ិហ្ស៊ូមិ។
សន្ទុះកំណើនសេដ្ឋកិច្ចនេះ ក៏ជាដំណឹងល្អសម្រាប់នាយករដ្ឋមន្ត្រីជប៉ុននាពេលសព្វថ្ងៃ លោក ហ្ស៊ិនហ្ស៊ូ អាបេ ផងដែរ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានមួយរយៈខ្លីបន្តផ្ទាល់ពីលោក កូអ៊ិហ្ស៊ូមិ៕