ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានចុះហត្ថលេខាលើបទបញ្ជាមួយ ហាមឃាត់ការជក់បារីនៅតាមទីសាធារណៈ នៅទូទាំងប្រទេស ដែលធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសមួយមានច្បាប់ប្រឆាំងនឹងថ្នាំជក់យ៉ាងតឹងរឹងបំផុត។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យប្រធានាធិបតី លោក អឺណេស្តូ អាបេឡា បាននិយាយកាលពីថ្ងៃម្សិលមិញថា បំរាមនេះ ដែលដាក់ពិន័យជាប់ឃុំដល់ទៅ ៤ខែ និងពិន័យប្រាក់ ១០០ដុល្លារនោះ បានគ្រប់ដណ្ដប់ទាំងក្រៅអគារ និងក្នុងអគារ។
បទបញ្ជានេះក៏បានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មបារី ការផ្ដល់រង្វាន់ពីការជក់បារី ដែលនឹងត្រូវប្រឈមមុខនឹងការពិន័យប្រាក់ ៤សែនប៉េសូ និងជាប់ពន្ធនាគារដល់ទៅ ៣ឆ្នាំ និងអាចប្រឈមមុខនឹងការដកហូតសិទ្ធិធ្វើអាជីវកម្មទៀតផង។
រូបលោក ឌូទើតេ ផ្ទាល់ គឺជាអ្នកជក់បារីដ៏ងប់ងល់ម្នាក់ ប៉ុន្តែ បានផ្ដាច់ទៅវិញ នៅពេលគ្រូពេទ្យរកឃើញថា លោកកំពុងប្រឈមនឹងជំងឺក្រឹន ដែលអាចបង្កឲ្យកកស្ទះនៅក្នុងសរសៃរឈាម។
លោក អាបេឡា និយាយថា បំរាមថ្មីនេះ យកលំនាំតាមបទបញ្ជាដែលលោក ឌូទើតេ បានបង្កើតឡើងកាលពីឆ្នាំ២០១២ នៅទីក្រុង Davao នៅជាស្រុកកំណើតរបស់លោក ឌូទើតេ នៅភាគខាងត្បូងប្រទេសហ្វីលីពីន។
លោក ឌូទើតេ បានធ្វើយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតី តាមរយៈការសន្យាបង្ក្រាបឧក្រិដ្ឋជន អំពើពុករលួយ និងគ្រឿងញៀន៕