អ្នកគាំទ្រ CPP រិះគន់អភិបាលក្រុងរឿងទឹកលិចផ្ទះ

អនុប្រធានភូមិ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកពីបក្សកាន់អំណាច (រូបភាពពីហ្វេសប៊ុក)

ស្រ្តីម្នាក់ដែលអះអាងថា ជាអនុប្រធានភូមិ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកពីគណបក្ស​​ប្រជាជនកម្ពុជា សំដែងការខកចិត្តនឹង​ការ​អភិវឌ្ឍរបស់សាលារាជធានីភ្នំពេញដែលថាបណ្តាលឲ្យទឹកជន់លិចផ្ទះរបស់គាត់។

ក្នុងវីដេអូផ្សាយតាមហ្វេសប៊ុកកាលពីម្សិលមិញ បានបង្ហាញពីស្រ្តីម្នាក់ដែលពាក់អាវគណបក្សប្រជាជនកម្ពុជាបានទទូឆ័ត្រឈរនៅមុខផ្ទះរបស់គាត់នៅខាងក្រោយសាលារាជធានីភ្នំពេញដែលទឹកជន់លិចជិតត្រឹមជង្គង់។គាត់អំពាវនាវឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អន្តរាគមន៍បូមទឹកចេញពីផ្ទះរបស់គាត់ដោយថាគាត់ខំដើរឃោសនាយ៉ាងណា ក៏មិនមានអ្នកគាំទ្រដែរបើទឹកលិចផ្ទះបែបនេះ។

គាត់និយាយថា «កំពុងដើរតែឃោសនាយកសន្លឹកឆ្នោត ប៉ុន្តែក្នុងភូមិទឹកលិចអស់ហើយ តើប្រជាជនមានជំនឿលើយើងឬអត់? សូមលោកអភិបាលក្រុងមេត្តាជួយជាបន្ទាន់! ព្រោះអីប្រជាជនមិនសប្បាយចិត្តទេ ទឹកលិចពេក»។

បើតាមការអះអាងនៅលើហ្វេសប៊ុកដដែលនោះ គាត់បានអំពាវនាវជាលើកទី២ហើយឲ្យ​អាជ្ញាធរពាក់ព័ន្ធជួយបូមទឹកចេញពីផ្ទះរបស់គាត់តែមិនទាន់មានចំណាត់ការនៅឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីកំពុងធ្វើការដោះស្រាយចំពោះបញ្ហានេះ ដោយរៀបចំម៉ាស៊ីនបូបទឹកថ្មី ដើម្បីការពារទឹកលិច។ លោកថា «យើងប្រើម៉ាស៊ីនសម្រាប់បូបទឹកចេញពីទីតាំងហ្នឹង មានក្រុមប្រចាំការដើម្បីធ្វើការងារហើយនៅពេលការជន់លិចម្ដងៗរងចាំរហូតដល់ស្ថានីយ៍បូមទឹករបស់យើងដែលនៅផ្លូវ ៧០ រៀបចំថ្មីឲ្យរួចរាល់ជាស្ថាពរដែរ។ ប៉ុន្តែដោយសារដូខ្ញុំជម្រាបជូនមិញចឹងថា កម្លាំងទឹកភ្លៀងខ្លាំងពេក ដូចយើងឃើញថាភ្លៀងម្ដង ប៉ុន្មានម៉ោង ៣ ទៅ ៤ម៉ោង ហើយកម្លាំងនឹងខ្លាំងធ្វើឲ្យការជន់លិចមិនអាចបូមចេញបានទាន់ពេលវេលាដែរ។ តែយ៉ាងណាក៏មានការគិតគួរនិងព្យាយាមរំដោះទឹកឲ្យបានលឿនបំផុតដែលអាចធ្វើបាន ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ ខណ្ឌដែលគាត់មានមូលដ្ឋាននៅទីនោះ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រាប់VODថា ផ្ទះរបស់លោកនៅសង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោកក៏ធ្លាប់ទឹកលិចទឹកដែរ ខណៈលោកបដិសេធមិនធ្វើអត្ថាធិប្បាយដោយថា «ខ្ញុំកំពុងបាចទឹកចេញពីផ្ទះ»។

ការដែលទឹកលិចផ្ទះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពេលមានភ្លៀងខ្លាំងម្តងៗនោះ ពលរដ្ឋច្រើន​តែបន្ទោសទៅលើការចាក់លុបបឹងកក់ដែលជាគម្រោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ