រដ្ឋាភិបាលចាប់​ផ្តើម​​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម​ដល់​ប្រជា​កសិករ​ បន្ទាប់​ពី​មាន​ការ​ត្អូញ​ត្អែរ​ពីការធ្លាក់ចុះ​​តម្លៃ​កសិផល​នៅ​​ទីផ្សារ។

គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​នេះ​ត្រូវ​បាន​ជួយ​គាំ​ទ្រ​ដោយ​មូល​និធិ​អន្តរជាតិសម្រាប់​ការ​អភិ​វឌ្ឍន៍​​កសិកម្ម ជាមួ​យ​រដ្ឋាភិបាល​កម្ពុជាសម្រាប់​រយៈពេល​៦​ឆ្នាំ​ ក្នុង​ទឹកប្រមាណ​ជាង​៦២ លាន​ដុល្លា​អាមេរិក។

នៅព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នេះក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ពី​ការ​ដាក់​អនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្មខ្នាត​តូច ដែល​ជា​គម្រោងជំរុញការ​លើក​ស្ទួយ​ជីវភាពប្រជាពល​រដ្ឋ​តាម​រយៈការ​បង្កើត​ជា​មណ្ឌល​សម្រូល​រក​ទីផ្សារ ​កសិកម្ម ឲ្យប្រជា​កសិករ​ក្រី​ក្រ។

អគ្គ​នាយក​នៃអគ្គ​​នាយក​ដ្ឋានពាណិ​ជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ និង​ជា​នាយក​គម្រោង​ លោក ប៉ែន សុវិជាតិ​ ថ្លែង​ថាគម្រោង​នេះ​នឹង​ជួយគាំទ្រ​ដល់​កសិផល និង​ទី​ផ្សារ​ ​លើផលិត​ផល​ចំនួន​ប្រាំ​ដែល​មាន​ដូច​ជា​ ស្រូវ បន្លែ មាន់ ដំឡូងមី និង​សសៃសូត្រ។ លោក​ថា ក្រសួង​បាន​បង្កើតទីស្នាក់​ការ​គម្រោង​នេះ​ ចំនួន​បី និង​មាន​ភ្នាក់​ងារ​​គ្រប់​គ្រង១៥​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ងតម្រូវ​ការ​ទាំង​​ថវិកា បច្ចេក​ទេស និង​ទីផ្សារដល់​ប្រជា​កសិករ។

លោក​ថា៖ «អញ្ចឹង​ អា​រឿង​មិន​ស្តាប់​តម្រូវ​ការ​ទី​ផ្សារ​ មិន​បាន​ដឹង​អំពី​ឱវាទ​កសិកម្មច្បាស់​លាស់​វា​នឹង​នាំ​ឲ្យ​មាន​ផល​វិបាក​ដូច្នេះឯង ដូច្នេះដើម្បី​កុំ​ឲ្យ​មាន​ហេតុការណ៍​របៀប​ហ្នឹង​កើត​មាន​តទៅ​ទៀត​បា​ន​ន័យ​ថា ផលិត​អី​ឲ្យ​វា​ត្រូវ​ទី​ផ្សារ​ ផលិត​អី​អារបស់​ដែល​គេ​ត្រូវ​ការ​ ហើយ​លក់​យ៉ាង​មិច។ នេះ​ជា​ការ​អភិវឌ្ឍន៍ សមត្ថិភាព​របស់​កសិករ ផលិត​ករ​ និង​ភាគងារ​កសិកម្ម​យើង ក៏​ដូច​ជា​ភ្នាក់​ងារទី​ផ្សារ»។

តំណាង​ឲ្យ​​​មូល​និធិ​អន្តរជាតិសម្រាប់​ការ​អភិ​វឌ្ឍន៍​​កសិកម្ម IFAD លោកម៉េង សក្តិភូសិត ​​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថាការ​សម្រេច​ជួយ​បង្កើត​គម្រោង​នេះ​ឡើង​ក៏​ព្រោះ​តែបញ្ហា​ដែល​ប្រជា​​កសិ​ករ​កម្ពុជា​កំពុង​ជួប​​ប្រទះ​បច្ចុប្បន្ន​នេះ​គឺ​បញ្ហា​ទីផ្សារដែល​ធ្វើ​ឲ្យ​កសិករ​​ពិ​បាក​​លក់​ផលិត​ផល​របស់​​​ខ្លូន​បន្ទាប់​ពី​​ផលិតបាន​។ លោក​បន្ថែម​ថា គម្រោង​នេះ​នឹង​ធ្វើ​ការ​ចង​ក្រង​សហ​គ​មន៍​​កសិកម្ម ដើម្បីងាយ​ស្រួល​រក​ទីផ្សារ​ និង​ស្តង់ដារ​កសិផល​មួយ​ដែល​មាន​គុណភាពល្អ។

លោក​ថា៖ «និយាយ​បែបនេះ​មិន​មែន​មាន​ន័យ​ថា​កសិករ​របស់​យើង​មិ​ន​មាន​ទីផ្សារ​លក់​ទេ មាន​ដូច​គ្នា ប៉ុន្តែ​គ្រាន់​ថា​តែ​វា​មា​ន​លក្ខខណៈទ្រង់​ទ្រាយ​តូចពេល​នេះ​គឺ​យើង​ចងក្រង​គាត់​ឲ្យ​គាត់​ចូល​រួម​គ្នា​ជាក្រុម​ ធ្វើ​ការ​ងារ​ជា​ក្រុម​ហើយ​លក់​ដូរ​ជា​ក្រុម ដើម្បី​ពង្រឹង​អំណាច​ក្នុងការ​លក់​របស់​គាត់ អញ្ចឹង​យើង​សង្ឃឹម​ថា​ការ​លក់​នៃ​គម្រោង​នេះ​គឺវាជួយ​កសិករ​យើង​ក្នុង​ការ​លក់​លើ​ទី​ផ្សារ​ផង ថែម​ទាំង​ពង្រឹង​គុណភាព​ផលិត​ផល ដែល​គេ​ហៅ​ថា​សុវត្ថិភាព​នៃ​ការ​លក់​ដូរ ឲ្យ​អ្នក​ហូប​បាន​ល្អ ពង្រឹង​អា​ហ្នឹង​ផង​ ហើយ​នឹង​កាត់​បន្ថយ​ការ​នាំ​ចូលពី​ខាង​ក្រៅ​ផង»។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ ប៉ាន សូរស័ក្កិ មានជំនឿ​ថា​ប្រជាពល​រដ្ឋ​ខ្មែរ​ប្រមាណ​ជា ៧៥ ០០០ គ្រួសារ​នឹង​ទទួល​បាន​អត្ថប្រយោ​ជន៍​ ពី​គំរោង​នេះ។ លើសពី​នេះលោក​បញ្ជាក់​ថា តាម​រយៈការ​ដាក់​ឲ្យ​អនុវត្តន៍​គម្រោង​នេះនឹង​ជួយឲ្យ​ទីផ្សារ​កសិផល​កម្ពុជា​មាន​កាន់តែច្រើន ហើយ​លោកបាន​ធានា​ថានឹង​គ្មានបញ្ហា​តម្លៃ​កសិកម្ម​ទៀត​នោះ​ទេ។

គម្រោង​ទីផ្សារ​កសិកម្មរបស់រដ្ឋាភិបាលនេះគឺកើតឡើងប្រហែលមួយ​ឆ្នាំ ​បន្ទាប់ពីកសិករប្រមាណ​១ពាន់នាក់​នៅស្រុក​សង្កែ​ខេត្ត​បាត់​ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ​៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ដើម្បីតវ៉ា​ទាមទារឲ្យ​រដ្ឋា​ភិ​បាល​​ជួយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ