ប្រមុខ WHO ផុត​អាណត្តិ​ថ្លែង​ថា ពិភព​លោក​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​ប្រឈម​មុខ​នឹង​វិបត្តិ​សុខាភិបាល

ប្រធាន​អង្គការ​សុខាភិបាល​ពិភព​លោកដែល​នឹង​ផុត​អាណត្តិ អ្នក​ស្រី ម៉ាហ្ការ៉េត ចាន់ បាន​ការពារ​កេរ​ដំណែល​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះ ដោយ​អះ​អាង​ថា ពិភពលោក​បាន​ប្រុង​ប្រៀប​ខ្លួន​កាន់​តែ​ប្រសើរ ដើម្បី​ប្រឈម​មុខ​នឹង​ជំងឺ​ថ្មីៗ ដូចជា​ជំងឺ​អេបូឡា​ជា​ដើម។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ AFP។

នៅ​ក្នុង​សុន្ទរកថា​ចុង​ក្រោយ​ថ្លែង​ទៅ​កាន់​រដ្ឋ​ជា​សមាជិក​អង្គការ​សុខភាព​ពិភព​លោក អ្នក​ស្រី ចាន់ បាន​ទទួល​ស្គាល់​ថា មាន​កំហុស​កើត​ឡើង​អំឡុង​អាណត្តិ ១០​ឆ្នាំ​របស់​អ្នកស្រី ប៉ុន្តែ អ្នកស្រី​សង្កត់​ធ្ងន់​ថា បើ​ទោះបី​ធ្វើ​ដំណើរ​ទាំង​លំបាក ប៉ុន្តែ មិន​ដែល​បោះ​បង់​នោះ​ឡើយ។

ថ្លែង​​ទៅ​កាន់​ប្រតិភូ​ប្រហែល​ ៤០០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ ១៩៤ នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ហ្សឺណែវ អ្នកស្រី​​ប្រាប់​ថា ពិភព​លោក​បាន​ប្រុង​ប្រៀប​ខ្លួន​កាន់​តែ​ប្រសើរ ប៉ុន្តែ មិន​ទាន់​គ្រប់​គ្រាន់​នោះ​ឡើយ។

អ្នកស្រី ចាន់ ដែល​នឹង​ត្រូវ​ជំនួស​ដោយ​អ្នក​ថ្មី​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​នូវ​​ជោគជ័យ​ជាច្រើន ដែល​អ្នកស្រី​ថា ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក​ជៀស​ផុត​​ការ​រិះគន់​ថា អង្គការ​នេះ​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន។

អ្នកស្រី ចាន់ មាន​ហេតុផល​ក្នុង​ការការពារ​ខ្លួន ប៉ុន្តែ នៅ​អំឡុង​អាណត្តិ​របស់​អ្នកស្រី អង្គការ​សុខភាព​ពិភព​លោក​ប្រឈម​មុខ​នឹង​ការ​រិះគន់​ចំពោះ​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សុខភាព​ជាច្រើន ជាពិសេស​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេបូឡា​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ដែល​បាន​សម្លាប់​មនុស្ស​ជាង ១១,៣០០​នាក់ នៅ​ចន្លោះ​ចុង​ឆ្នាំ​២០០៣ និង​ដើម​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ