មន្ត្រីរាជការជាបុគ្គលិក ដែលបានចូលបម្រើការងាររដ្ឋតាមរយៈការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ។ មន្ត្រីរាជការបម្រើការនៅគ្រប់ក្រសួងស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ មន្ត្រីរាជការមានច្រើនឋានានុក្រមដោយឋានានុក្រមនេះ ត្រូវបានរៀបចំរចនាសម្ព័ន្ធទៅតាម ក្រសួង មន្ទីរ និងការិយាល័យ។
នៅតាមក្រសួង មន្ទីរ និងការិយាល័យនីមួយៗ មានរៀបចំរចនាសម្ព័ន្ធ ដូចជា ប្រធាន អនុប្រធាន លេខាធិការ និងសល់ពីនេះជាសមាជិកធម្មតា។ ការជ្រើសរើសតែងតាំងប្រធាន អនុប្រធាន ច្រើនធ្វើឡើងតាមខ្សែបក្សនយោបាយ និងបរិមាណសំណែន។ ពេលបានទទួលឋានៈ ប្រធាន អនុប្រធាន ច្រើនតែខិតខំ យកចិត្តចៅហ្វាយនាយថ្នាក់លើ ដូចជានៅថ្នាក់ការិយាល័យអនុប្រធាន យកចិត្តប្រធាន ប្រធានការិយាល័យយកចិត្ត អនុប្រធាននិងប្រធានមន្ទីរ អនុប្រធាននិងប្រធានមន្ទីរខំយកចិត្តរដ្ឋមន្ត្រីនៅថ្នាក់ក្រសួងបន្តៗគ្នាទៅតាមឋានានុក្រមអ្នកមានឋានៈហើយពួកគាត់មិនសូវបានគិតគូរពីបុគ្គលិកថ្នាក់ក្រោមរបស់ខ្លួនទេ។
ប៉ុន្តែបើពេលគេត្រូវការថវិការ ឬ ជំនួយផ្សេងៗ គេមិនដែលភ្លេចពួកមន្ត្រីថ្នាក់ក្រោមឡើយ។ ជាក់ស្តែងរៀងរាល់ខែប្រធាន ឬអនុប្រធានតែងរៃអង្គាសប្រាក់ជួយទ្រទ្រង់បក្សនិង កាកបាទក្រហមជាប្រចាំ និងរាល់ពេលបោះឆ្នោតពួកលោកប្រធានតែងទាមទារយក លេខអត្តសញ្ញាណបណ្ណ លេខការិយាល័យ បោះឆ្នោត និងលេខរៀងបោះឆ្នោតរបស់បុគ្គលិកថ្នាក់ក្រោម ទោះបីពួកគាត់មិនពេញចិត្តក៏ដោយ។ យកបានអត្ថសញ្ញាណបោះឆ្នោតអ្នកណាម្នាក់គេកត់ត្រា និងធ្វើរបាយការណ៍ថាជាអ្នកគាំទ្របក្សគេហើយ។ ទម្លាប់អាក្រក់នេះ ហាក់ដូចជាកើតមាននៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។
តាមពិតទៅ នៅក្នុងអង្គភាពណាក៏ដោយបុគ្គលិក តែងមាននិន្នាការនោយោបាយផ្សេងៗពីគ្នា ពួកគាត់មិនប្រកែកតវ៉ា ពីព្រោះពួកគាត់ចង់រក្សាភាពស្ងៀមស្ងាត់និងភាពថ្លៃថ្នូរដល់អង្គភាព ពួកគាត់ក៏ជាមនុស្សដែលពោពេញដោយចំណេះដឹង និងមនសិការ។ ពួកគាត់មានឆន្ទៈមុះមុតក្នុងការ សម្រេចចិត្តដោយខ្លួនឯងមិនចាំបាច់មានអ្នកណាម្នាក់មកដាក់សម្ពាធ ឬគម្រាមពួកគាត់ឡើយ។ ពួកគាត់បានត្រៀមចិត្តត្រៀមកាយដោយភាពក្លាហាន និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបោះឆ្នោតជ្រើសរើសមេឃុំដែលគាត់ពេញចិត្តរួចស្រេចទៅហើយ។
ប្រសិនបើមាន អ្នកណាម្នាក់នៅមានការភ័យខ្លាចចំពោះការយកអត្តសញ្ញាណបោះឆ្នោតសូមគិត ដល់ឧត្តមគតិដើមរបស់ខ្លួននិងស្រមៃដល់ទិដ្ឋភាពបន្ទប់បោះឆ្នោត នៅក្នុងបន្ទប់បោះឆ្នោតគ្មាន អ្នកណាក្រៅពីខ្លួនយើងឡើយ។ ដូច្នេះមិនបាច់ភ័យព្រួយខ្លាចគេដឹងនោះទេ។សូមក្លាហានទាំងអស់គ្នាឡើង៕