ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា ច្បាប់សឹកដែលចាប់ផ្តើមអនុវត្តន៍នៅកោះមិនដាណាវ អាចនឹងពង្រីកដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស នៅពេលដែលសង្គ្រាមនៅភាគខាងត្បូងផ្ទុះឡើងជាមួយក្រុមបះបោរផ្តាច់ខ្លួនមានទំនាក់ទំនងជាមួយពួកIS។
លោក ឌូទើតេ ថ្លែងថា ក្រុមបះបោរបានកាត់ក្បាលនគរបាលម្នាក់នៅកោះភាគខាងត្បូង ខណៈនគរបាលបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាមួយគ្នានោះក៏មានសេចក្តីរាយការណ៍ថាបានស្លាប់ហើយ។ នេះបើតាមការចុះផ្សាយរបស់BBC។
កាលពីថ្ងៃអង្គារ ហ្វីលីពីនបានដាក់ចេញច្បាប់សឹក នៅលើកោះមីនដាណាវ ជាកោះធំមួយនៅភាគខាងត្បូង មានកោះតូចៗទៀតចំណុះឲ្យ ហើយពេលនេះ ក្រុមបះបោរកំពុងបើកការវាយប្រហារនៅទីនោះជាមួយកម្លាំងទាហានរបស់រដ្ឋ។ ក្រុមបះបោរទាំងនោះ ត្រូវបានគេដឹងថា មានការជួយគាំទ្រ និង សហការពីខ្សែបណ្តាញរបស់ពួកក្រុមIS។
មនុស្សជាច្រើនពាន់នាក់បានរត់គេចចេញ បន្ទាប់ពីក្រុមបះបោរវាយប្រហារចូលក្នុងទីក្រុង Marawi ហើយចាប់មនុស្សធ្វើចំណាត់ខ្មាំងនៅទីនោះ។
លោក ឌូទើតេ ថ្លែងថា លោកមិនស្ទាក់ស្ទើរក្នុងការធ្វើអ្វីៗទាំងអស់ និង គ្រប់ពេលវេលា ដើម្បីការពារប្រជាពលរដ្ឋហ្វីលីពីននៅទូទាំងប្រទេស។ លោកថា លោកអាចនឹងប្រកាសច្បាប់សឹកនៅទូទាំងប្រទេសដើម្បីការពារប្រជាពលរដ្ឋ។
ច្បាប់សឹកគឺជាវិធានការរបស់រដ្ឋាភិបាលពេលប្រទេសមានអសន្តិសុខ ហើយត្រូវព្យួរច្បាប់ផ្សេងៗផ្តល់អំណាចលើសលប់ឲ្យពួកយោធារួមទាំងការសម្លាប់មនុស្សដោយមិនឆ្លងកាត់ការសវនាការជាដើម៕