រដ្ឋាភិបាលបានណែនាំមិនឱ្យអាជីករលក់ដូរ និងពលរដ្ឋពិសា គ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ គឺចាប់ពីថ្ងៃទី ០៣ និងថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃទី ២៦ម្សិលមិញនេះលើកឡើងថា ដើម្បីទប់ស្កាត់អំពើហឹង្សា ការគំរាមកំហែង គ្រោះថ្នាក់ចរាចរណ៍ ការបំភិតបំភ័យ និងបាតុភាពនានាដែលបណ្តាលមកពីគ្រឿងស្រវឹងរដ្ឋាភិបាលបានណែនាំដល់ជនបរទេស ពលរដ្ឋខ្មែរទាំងអស់ មន្ត្រីរាជការ អាជីវករ ឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ចាប់ពីថ្ងៃទី ០៣ និងថ្ងៃទី០៤ខែមិថុនានេះដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់។
សេចក្តីប្រកាសព័ត៌មាននេះក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយផ្សព្វ ផ្សាយ និងអប់រំណែនាំបន្តទៅប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងមូលដ្ឋាន របស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ២០១៧ខាងមុខនេះ៕