លោក សុខ ទូច សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជាមន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា ថ្លែងនៅថ្ងៃចន្ទនេះថា ការសន្យារបស់អ្នកនយោបាយដែលថា រំលាយក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់លុយទៅឲ្យឃុំសង្កាត់អភិវឌ្ឍន៍ផ្ទាល់នោះមិនទទួលបានផលល្អនោះទេ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល នៅព្រឹកនេះ លោក សុខ ទូច ថ្លែងថា មន្ត្រីនៅថ្នាក់ក្រសួងជាអ្នកដែលទទួលបានការអប់រំខ្ពស់ មានបទពិសោធន៍ក្នុងការស្រាវជ្រាវនិងរៀបចំផែនការអភិវឌ្ឍ។ លោក សុខ ទូច ក៏បានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់លោក សមត្ថភាពមន្ត្រីនៅតាមឃុំមួយចំនួននៅមានកម្រិត ដូច្នេះលោកថា មិនអាចលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទបានទេ។
ក្នុងឱកាសនោះលោក សុខ ទូច ក៏បានបញ្ជាក់ថា ការអភិវឌ្ឍន៍នៅតំបន់ដែលមានបញ្ហាផ្សេងៗគ្នា គឺត្រូវការក្រសួងស្ថាប័នច្រើនចូលរួមមិនមែនត្រូវការតែមន្ត្រីថ្នាក់ឃុំ សង្កាត់ផ្ទាល់ឬមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះទេ។
នៅថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោត លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា បើគណបក្សរបស់លោកឈ្នះការបោះឆ្នោតបានដឹកនាំ រដ្ឋាភិបាលនឹង រំលាយចោលក្រសួងអភិវឌ្ឍន៍ជន ដើម្បីកុំឲ្យចំណាយលុយច្រើន ហើយទម្លាក់កញ្ចប់លុយទាំងនោះទៅអភិវឌ្ឍន៍ទៅថ្នាក់ឃុំ សង្កាត់ចាត់ចែងផ្ទាល់វិញ៕