កងទ័ពរបស់ហ្វីលីពីនអះអាងថា ពួកគេបានគ្រប់គ្រងទីក្រុងម៉ារ៉ាវី នៅភាគត្បូងបានទាំងស្រុងវិញ បន្ទាប់ពីការច្បាំងជាមួយពួករដ្ឋឥស្លាម ជិតមួយសប្តាហ៍មកនេះ ហើយអះអាងថា ការផ្ទុះអាវុធអាចនឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
ការផ្ទុះអាវុធរវាងកម្លាំងកងទ័ពរបស់រដ្ឋាភិបាលហ្វីលីពីន និង ពួកឧទ្ធាមដែលមានការជួយរៀបចំពីរដ្ឋឥស្លាម ប្រមាណ១សប្តាហ៍នេះ បានបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណ១០០នាក់។
កងទ័ពហ្វីលីពីនបញ្ជាក់ថា ពួកគេបានគ្រប់គ្រងទីក្រុងម៉ារ៉ាវីនេះ បានទាំងស្រុងវិញហើយ នៅតែកន្លែងក្បែរៗនោះខ្លះដែលត្រូវរៀបចំបន្ថែមទៀត ក្នុងការដណ្តើមយកមកវិញពីពួកក្រុមឧទ្ធាម ហើយអាចនឹងបញ្ចប់ការផ្ទុះអាវុធនៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសារព័ត៌មាន Channel News Asia។
កាលពីសប្តាហ៍មុន ពួកឧទ្ធាមបានវាយលុកចូលក្នុងទីក្រុងម៉ារ៉ាវី ស្ថិតនៅក្នុងសម្ព័នកោះ មិនដាណាវ ហើយបានចាប់មនុស្សធ្វើជាចំណាត់ខ្មាំង និង លុកលុយក្នុងក្រុង។ ក្រុមនោះក៏សម្លាប់កងកម្លាំងប្រដាប់អាវុធមួយចំនួនរបស់ហ្វីលីពីនផងដែរ៕