ប្រមុខ UN ព្រមាន​ថា បើ​អាមេរិក​ដក​ខ្លួន​ចេញ ប្រទេស​ដទៃ​នឹង​បំពេញ​តួនាទី​ដឹកនាំ​ពិភព​លោក

ប្រមុខ​អង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​វិនិយោគ​ផ្នែក​ជំនួយ​បរទេស និង​កាទូត ហើយ​បា​ន​ព្រមាន​ថា ប្រសិនបើ​ក្រុង​វ៉ាស៊ីងតោន​ដក​ខ្លួន​ចេញ​ពី​តួនាទី​ជា​មហា​អំណាច​ពិភព​លោក ប្រទេស​ដទៃ​នឹង​បង្កើន​តួនាទី​របស់​ខ្លួន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

លោក ត្រាំ បាន​ស្នើ​កាត់​កញ្ចប់​ជំនួយ និង​កាទូត​អាមេរិក​ប្រហែល​មួយ​ភាគ​បី ឬ​ជិត ១៩​ពាន់​លាន​ដុល្លារ ក្នុង​នោះ​រួ​ម​បញ្ចូល​ទាំង​ការ​កាត់​ជំនួយ​ប្រហែល ១​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា។

លោក Guterres បាន​ថ្លែង​ថា អង្គការ​សហ​ប្រជាជាតិ​កំពុង​តែ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋបាល​អាមេរិក និង​សភា ឲ្យ​យល់​ពី​ថា ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ កា​រ​ផ្ដល់​ជំនួយ​គោល​នយោបាយ​ការបរទេស ការ​ផ្ដល់​ជំនួយ​អង្គការ​នានា ដូចជា​អង្គការ​សហ​ប្រជាជាតិ ក៏​ជា​ផល​ប្រយោជន៍​ប្រជាជន​អាមេរិក​ដែរ។

សភា​អាមេរិក គឺ​ជា​អ្នក​អនុម័ត​លើ​កញ្ចប់​ថវិកា​រដ្ឋាភិបាល ហើយ​ក្រុម​សមាជិក​សភា​បក្ស​សាធារណរដ្ឋ ដែល​បាន​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់ និង​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា ពួកគេ​មិន​គាំ​ទ្រ​ការ​កាត់​បន្ថយ​ជំនួយ​បែប​នេះ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ