គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន៨៥.៧៤% បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៤ ដែលទើបបានបិទបញ្ចប់នៅម៉ោង៣រសៀលថ្ងៃអាទិត្យទី៤ខែមិថុនានេះ។
យោងតាមសេចក្តីប្រកាសមួយរបស់គ.ជ.ប ដែលVODទទួលបាននៅមុននេះបន្តិច បានបង្ហាញថា ចំនួនបណ្តោះអាសន្ននៃអ្នកដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ គិតត្រឹមម៉ោង៣រសៀលនេះគឺមានចំនួន ៦ ៧៤៣ ៣២៩នាក់ (ប្រាំមួយលានប្រាំពីរសែនបួនម៉ឺនបីពាន់បីរយម្ភៃប្រាំបួននាក់) ក្នុងចំណោមពលរដ្ឋចំនួនជាង ៧ ៨៦៥ ០៣៣នាក់ ប្រាំពីលានប្រាំបីសែនប្រាំមួយម៉ឺនប្រាំពាន់សាមសិបបីនាក់)។
យោងតាមរបាយការណ៍ដដែលនេះខេត្តកែបនិងខេត្តព្រះវិហារមានពលរដ្ឋទៅបោះឆ្នោតច្រើនជាងខេត្តផ្សេងទៀត ដោយពលរដ្ឋជាង៩២%បានទៅបោះឆ្នោត។ ចំណែកពលរដ្ឋដែលទៅបោះឆ្នោតតិចជាងគេគឺខេត្តកំពង់ធំដែលមានពលរដ្ឋត្រឹម៨១%ជាងបានទៅបោះឆ្នោត៕
កាលពីបោះឆ្នោតជាតិឆ្នាំ ២០១៣ មានពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៦៨,៥%៕