យុវជនពីរនាក់អះអាងថាត្រូវសមត្ថកិច្ចវាយពេលព្យាយាមតាម​ដានការរាប់សន្លឹកឆ្នោតនៅជម្ពូវ័ន​

យុវជនពីរនាក់ដែលបានបោះឆ្នោត និង ព្យាយាមតាមដានការរាប់សន្លឹកឆ្នោតនៅវិទ្យាល័យជម្ពូវ័នក្នុងរាជធានីភ្នំពេញ​ អះអាងថា ពួកគេត្រូវសមត្ថកិច្ចវាយ ពេលដែលសួរនាំថា ច្បាប់ណាហាមពលរដ្ឋមិនឲ្យតាមដានការរាប់សន្លឹកឆ្នោត ។​

យុវជនឈ្មោះ សួង នាគព័ន្ធ ប្រាប់វីអូឌីថា ក្រោយពេលដែលបិទការិយាល័យនៅម៉ោង៣រសៀល​ ដើម្បីរាប់សន្លឹកឆ្នោតនោះ លោក និងមិត្តភ័ក្តិប្រមាណ ១០នាក់ផ្សេងទៀត ឈរឆ្ងាយពីការិយាល័យប្រមាណ១០០ម៉ែត្រ ដើម្បីរង់ចាំលទ្ធផលបោះឆ្នោត។​

ប៉ុន្តែលោកថា មួយសន្ទុះក្រោយមក មានរថយន្តសមត្ថកិច្ចចំនួន​៣រថយន្ត​ទៅដល់ទីនោះ ហើយបញ្ជាឲ្យពលរដ្ឋចេញពីបរិវេណសាលាទាំងអស់ យុវជននេះបញ្ជាក់ថា លោកបានសួរថា ច្បាប់ណាដែលតម្រូវឲ្យពលរដ្ឋចេញពីមណ្ឌលបោះឆ្នោត ? ហើយលោកថា ក៏ត្រូវសមត្ថកិច្ចទះកំប្លៀង ដោយមិនឆ្លើយសំនួរទេ។​

យុវជនម្នាក់ទៀត​ឈ្មោះ ទិត សុភា ថ្លែងថា ពេលយុវជនសួង នាគព័ន្ធត្រូវបានសមត្ថកិច្ចវាយ លោកព្យាយាមថតរូបភាព​ ក្រោយមកសមត្ថកិច្ចក៏វាយលោកដែរ ហើយយកទូរសព្ទលុបរួបភាពនោះចោល​។​ យុវជនទាំងពីរកំពុងស្វែងរកមធ្យោបាយដាក់ពាក្យបណ្តឹងលើករណីនេះ។​

ជុំវិញបញ្ហានេះ វីអូឌី មិនទាន់អាចសាកសួរទៅប្រធានមណ្ឌលបោះឆ្នោត នៅវិទ្យាល័យ ជម្ពូវ័ន សមត្ថកិច្ចនៅសង្កាត់ចោមចៅ និង សមត្ថកិច្ចនៅខណ្ឌលពោធិ៍សែនជ័យ បាននៅឡើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ