គណបក្សនយោបាយនិងសង្គមស៊ីវិលបង្ហាញតួលេខខុសគ្នា

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

គណបក្សនយោបាយធំៗពីរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតថាខ្លួនមានកំណើនខ្ពស់រៀងៗខ្លួន ខណៈក្រុមអង្គការឃ្លាំមើលការបោះឆ្នោតបង្ហាញលទ្ធផលទាបជាងនេះ។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាមតួលេខមិនទាន់ផ្លូវការ គណបក្សប្រជាជនទទួលបានចំនួន «៣ ៥២៩៤០០ សំឡេង ស្មើ៥១,៣៩% ដោយថាកើនឡើងជាង ៣០ម៉ឺនសំឡេង ធៀបនឹងការ​បោះឆ្នោតឆ្នាំ២០១៣»។

ចំណែកអ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ ​ថ្លែង​ថា គណបក្ស​សង្គ្រោះជាតិ​ដណ្តើម​បានសំឡេង​ប្រមាណជា​៤៦%​នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិទី៤។ នេះ​បើ​តាម​លទ្ធផល​បឋម​នៃការ​រាប់​សំឡេង​ឆ្នោត​ដោយ​គណបក្ស​នេះ។

លោក យឹម សុវណ្ណ ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ថា «លទ្ធផល​បឋមនេះ​ នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​កើនសំឡេង​ពី​៣០% នៅក្នុងការ​បោះឆ្នោត​​ឆ្នាំ២០១២ទៅ៤៦% ក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧»។

ចំណែកបន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការឃ្លាំមើលការ​បោះឆ្នោតវិញ បានកត់ត្រាថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត៤៨% ពោលគឺនៅដដែល​បើធៀបនឹង​សំឡេង​ឆ្នោត២០១៣។ ចំណែក​គណបក្ស​សង្រ្គោះជាតិទទួលបាន​សំឡេងឆ្នោត៤៥%​ពោល​កើន​ឡើង៥០ម៉ឺនសំឡេង​ បើ​ធៀបនឹងសំឡេងឆ្នោតឆ្នាំ២០១៣។

បើតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាទទួលបានមេឃុំ សង្កាត់ចំនួន១១៥៨ ពោល​ធ្លាក់ចុះប្រមាណ២៧% ដែលគណបក្សកាន់អំណាចមួយនេះធ្លាប់កាន់កាប់មេឃុំ ចៅ​សង្កាត់​​ដល់​១៥៩២ កាលពីឆ្នាំ២០១២។ ចំណែកគណបក្សសង្រ្គោះជាតិ អាចឈ្នះមេឃុំ ចៅ​សង្កាត់ប្រមាណ ៤៨៧ ពោលកើនឡើង១១១៧% ដែលកាលពីឆ្នាំ២០១២​គណប​ក្ស​ប្រឆាំង​នេះ​កាន់​កាប់មេឃុំ តែ៤០ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ