ខាត់ សុឃីម និយាយពី អ៊ិត សេដ្ឋា គួរឲ្យចង់ស្រក់ទឹកភ្នែក

អ្នកនាង ខាត់ សុឃីម និងលោក​ អ៊ិត សេដ្ឋា កាលពីពេលកន្លងទៅ

នៅល្ងាចម៉ោង៤ថ្ងៃទី៥ខែមិថុនានេះ សពរបស់លោក អ៊ិត សេដ្ឋា ដែលបានតម្កល់ធ្វើបុណ្យនៅវត្ត​ជាប់​វិទ្យាល័យ​​នៅវត្តជាប់វិទ្យាល័យ​ឫស្សីកែវ នឹងត្រូវកំណត់បូជាហើយ ដោយសារតែគ្រួសាររបស់លោក​​មិន​មាន​​លទ្ធភាពធ្វើបុណ្យច្រើនថ្ងៃ និងម្យ៉ាងមកពីសពរបស់លោកមានសភាព​​​​រលូយ​ផ្នែក​ជើង​ដែល​បង្ក​ពី​ជំងឺ​មហារីក និងជំងឺទឹកនោមផ្អែមដល់កម្រិតធ្ងន់ផង។ អ៊ីចឹងហើយ​ទើបការ​លា​ចាក​លោក​របស់​លោក​ធ្វើឲ្យ​តារា និងមហាជនភាគច្រើនរំជួលចិត្ត​ ដោយសារមរណភាពរបស់លោកគឺលឿនពេក។ ក្នុង​នោះនៅពេល​បានស្ដាប់​សម្ដីប៉ុន្មានម៉ាត់របស់អ្នកនាងខាត់ សុឃីម ដែលលោកបានផ្ដាំគឺរឹតតែធ្វើអោយ​ម្នាក់ៗ​អាណិត​លោក។

អ្នកនាង ខាត់ សុឃីម និយាយថា អ្នកនាងបានជួបសន្ទនាជាមួយលោក​ អ៊ិត សេដ្ឋា ក្នុងពេល​​ថតកម្មវិធី​ជួប​​​គ្នាចុងក្រោយ​គឺរង្វង់ជា៣ខែមុន ដោយក្នុងពេល​​អ្នកនាងបានកត់សម្គាល់ថាលោកមានសភាព​​ឡើង​លឿន​ភ្នែកនិង​ស្បែកខ្មៅ ហើយអ្នកនាងបានសួរសំណេះសំណាល។ អ្នកនាង​ថា​លោក​មិន​ប្រាប់អ្នក​នាង​ថាលោកមានជំងឺអីនោះទេ ដោយគ្រាន់តែឆ្លើយតប​អ្នកនាងថាលោក​​ចេះតែឈឺនេះ​ឈឺនោះ ហើយ​គេង​មិន​លក់ ដែលអ្នកនាងយល់ថា លោក​មានបំណងមិនប្រាប់អោយដឹងពីស្ថានភាព​លំបាករបស់លោកជាសាធារណៈ។

​អ្នកនាងនិយាយថា៖ «កាលនឹងខ្ញុំសួរគាត់ថា បើឯង​ឈឺអី ​ហើយគាត់ចេះតែថាគាត់ឈឺតែចឹងនេះខ្លះនោះខ្លះ គឺអត់ប្រាប់​យើងថាគាត់ឈឺអីទេ និយាយ​ទៅ​គាត់លាក់ម្មង ប៉ុន្តែខ្ញុំដឹងថា បងសេដ្ឋាពីកែទ្រាំ បើអ្នកសិល្បៈខ្លះ តាមតែគាត់ពិបាកចឹងគឺប្រកាសសុំជំនួយអីហើយ តែមើលទៅគាត់ពូកែទ្រាំម្មង!»

អ្នកនាងថា ស្រណោះជាងគេនៅពេលលោក បាននិយាយប្រាប់អ្នកនាងថា៖ ​«អាឃីមអើយ បង មិនដឹងស្លាប់ថ្ងៃណាទេ អូនឯងមិចៗជួយរកដីនៅម្ដុំបាសិទម្ដុំផ្ទះអូនឯងទុកអោយបងមួយដុំផង ទុកគ្រាន់តែចែកកូន!»

អ្នកនាងថា ក្រោយពេលលោកនិយាយពាក្យនេះ អ្នកនាងក៏ចំអន់ទៅវិញថា៖ «បងឯងចេះតែនិយាយម្មង បងឯងនៅក្មេងចឹងទៅណា កុំភ័យបងចាំខ្ញុំរកអោយ​​​!»។

អ្នកនាងថា ក្នុងពេលលោក អ៊ិត សេដ្ឋា ប្រាប់អោយរកដី​​ទុក​គ្រាន់តែចែកកូន​នោះគឺអ្នកនាងអត់​បានដឹងថា លោកធ្លាក់ខ្លួនដល់ថ្នាក់ជួលផ្ទះគេនៅ ឬអស់ទ្រព្យ​អស់សម្បែងនោះទេ គឺនឹកស្មានថាលោកមាន​ផ្ទះមានដី​នៅភ្នំពេញជារបស់ផ្ទាល់ខ្លួនហើយ ហើយក៏មានបំណងចង់​បានដី​បន្ថែមទៀត​នៅម្ដុំ​ភ្នំបាសិតជិត​នៅ​ឯ​ស្រុក​កំណើត​របស់អ្នកនាងតែប៉ុណ្ណោះ។

អ្នកនាងនិយាយថា ក្រោយពេលដឹងថាលោក អ៊ិត សេដ្ឋា មានជំងឹធ្ងន់ធ្ងរហើយឈានដល់ស្លាប់ និង​គ្មាន​ទាំងផ្ទះសម្បែងផង ទើបអ្នកនាងដឹងថាអ្វី​ដែលលោកនិយាយ​ប្រាប់អ្នក​នាង​កាល​ពីមុនគឺ​ជាដឹងខ្លួនជា មុន​ថាលោកនឹងមានថ្ងៃនេះ ទើបលោកមានបំណងចង់បានដី​មួយកន្លែងណាមួយ​​​​ដើម្បីទុកអោយកូន​ធ្វើ​ជា​បង្អែក​។ អ្នកនាងនិយាយថា គ្រាន់តែបានដឹងពីព័ត៌មានរបស់​​លោក អ៊ិត សេដ្ឋា គឺអ្នកនាងនិយាយមិនរួច ហើយ​ក៏ចង់ស្រក់ទឹកភ្នែកផងដែរ នៅពេលអ្នកនាងនឹកដល់សម្ដីរបស់​លោកក្នុងពេលឆ្លងឆ្លើយ។

អ្នកនាងពោលថា បើបានដឹងមុនពីរឿងកម្សត់របស់លោក អ៊ិត សេដ្ឋា ម្ល៉េះ​​អ្នកនាងនឹងស្វះ​ស្វែងរកដី​ត្រង់​ណា​​មួយដុំគ្រាន់អោយលោកមានជាបង្អែកទៅហើយ ដោយសារតែ​ក្នុងពេលនោះ​អ្នកនាងយល់​ថាលោក​ប្រហែល​ជាមានលទ្ធភាពនៅឡើយទេសម្រាប់ទិញដីតម្លៃសមល្មម​​​​ទុកធ្វើជាទ្រព្យ ប៉ុន្តែ​មក​ពីអ្នកនាង​យល់ថា លោកនិយាយថាលេង និងថាលោកគឺជាពិធីករល្បីអាចមិនចាប់អារម្មណ៍ចង់បានដីថោកៗនៅ​ម្ដុំ​ស្រុកអ្នកនាងនោះប៉ុន្មានទេ ទើបអ្នកនាងហីហី។

អ្នកនាងថា លោក អ៊ិត សេដ្ឋា ពិតជាមានគំនិតគិតគូចំពោះកូនៗ និងម្ដាយចាស់ ទើប​លោករមែងធ្វើការ​ទាំងឈឺទាំង​ជាដោយលោកសុខចិត្តធ្វើការរហូតដល់ថ្ងៃដួលស្លាប់ ​ដោយសារតែ​មិន​បាន​ប្រកាស​គៀរគររក​ជំនួយព្រោះមិនចង់អោយគេមាក់ងាយ។ អ្នកនាងថា នេះជាជំហរគួរអោយគោរព ប៉ុន្តែបើលោក​ក្លាហាន​ជាងនេះ ក៏ប្រហែលជាលោកមិនធ្លាក់ដល់សភាពជាប់បំណុលផង​គ្មានផ្ទះសំបែងផង និងដល់ថ្នាក់​គ្មាន​ថវិកា​មើលជំងឺរហូតបណ្ដាលអោយស្លាប់បែបនេះឡើយ។ អ្នកនាង​ខ្លោចិត្តដែលតារាសិល្បៈ​ឲ្យ​តែខ្លួនចាស់​ទៅគឺមានសភាពបែបនេះ ​ដែលអាចបណ្ដាលមកពីតារាភាគច្រើន ច្រើនដើរតួជាអ្នករកលុយតែម្នាក់ឯង ហើយ​ត្រូវរ៉ាប់រងច្រើន ដល់ពេល​​ធ្លាក់ខ្លួនក៏​បាក់ជំហរ។ អ្នកនាងទទូចឲ្យតារាសិល្បៈ ដែល​មាន​លទ្ធភាព​រកចំណូលបានច្រើនប្រឹងប្រែងពង្រីកអាជីព ​ដូចជាបោះទុនរឿងនេះ​បោះទុនរឿង​នោះកុំពឹងតែ​លើអាជីពសិល្បៈ​តែមួយមុខ។ ក្នុងនោះអ្នកនាងក៏ស្នើអោយតារាគ្រប់រូប​កុំសប្បាយនឹងភាពល្បីឈ្មោះ ដោយគិតតែដើរផឹកស៊ី ដោយមិនគិតពីសុខភាពរបស់ខ្លួនផងដែរ ដើម្បីចាស់ទៅកុំអោយពិបាក។ យ៉ាងណាមិញ អ្នកនាងថាលោក អ៊ុត សេដ្ឋា អាចមានបន្ទុកត្រូវរាប់រង និងមានរឿងរ៉ាវផ្ទៃ​ក្នុងគ្រួសារ​ច្រើន​យ៉ាង​​ដែលមហាជនមិនបានដឹង ទើប​លោក​​ធ្លាក់ខ្លួនកម្សត់ ហួសពីការស្មានក្រោយពេលមរណភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ