លោក ហ៊ុន សែន អះអាងថា សំឡេងគាំទ្របក្សលោក​កើនឡើងជាងឆ្នាំ២០១៣

លោក ហ៊ុន សែន បោះឆ្នោតនៅការិយាល័យសាលាគរុកោសល្យនិងវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាលឆ្នាំ២០១៧

លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ គណបក្សរបស់លោក​ទទួលបានសំឡេងគាំទ្រដឹកមុខ ហើយថាមានចំនួនកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៣។​

លោក ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុករបស់លោកថា ទិន្នន័យមិនផ្លូវការដែលលោក​ទទួលបាន គឺពលរដ្ឋទៅបោះឆ្នោតទូទាំងប្រទេស មានចំនួន​ ៦ ៧៤៣ ៣២៩នាក់ ហើយថាក្នុងនោះ គណបក្សប្រជាជនកម្ពុជារបស់លោកទទួលបានសំឡេងគាំទ្របានចំនួន ៣ ៥២៩ ៤០០នាក់ ដែលស្មើនឹង ៥១,៣៩%។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំនួនអ្នកគាំទ្រនៅពេលនេះ មានការកើនឡើង៣០ម៉ឺនសំឡេង បើប្រៀបធៀបការបោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០១៣។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងទៀតថា សំឡេងឆ្នោតពេលនេះ គឺមិនខុសគ្នាប៉ុន្មានជាមួយសំឡេងឆ្នោតនៅឆ្នាំ២០១៨ការបោះឆ្នោតថ្នាក់ជាតិនោះទេ។

ចំណែកគណបក្សសង្គ្រោះជាតិក៏អះអាងថា ខ្លួនទទួលបានការគាំទ្រច្រើនជាងអាណត្តិមុន គឺអាណត្តិមុន គណបក្សង្គ្រោះជាតិ ដែលមានការចូលរួមពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទទួលបានមេឃុំចៅសង្កាត់ចំនួន​៤០ ប៉ុន្តែការបោះឆ្នោតម្សិលមិញមិញគឺបក្សនេះ​បង្ហាញថា ទទួលបានជាង៥០០មេឃុំ/សង្កាត់ស្នើនឹងប្រមាណ​៤៦%។​

ទោះយ៉ាងណា ការអះអាងថារបស់គណបក្សទាំងពីរ គឺជាលទ្ធផលដែលទទួលបានពីក្រុមការងាររបស់គណបក្សរៀងៗខ្លួនប៉ុណ្ណោះ មិនមែនចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ