វិបត្តិ​កាទូត​នៅ​ឈូង​សមុទ្រ​ពែក្ស​ជំរុញ​ឲ្យ​ជើង​ហោះ​ហើរ​ជួប​ចលា​ចល

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បណ្ដា​ប្រទេស​អារ៉ាប់​ដទៃ​ទៀត និង​ប្រទេស​ម៉ាល់ឌីវ បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់​ទំនង​នឹង​ប្រទេស​កាតា​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ជាមួយ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាមេរិក​ដ៏​ធំ ដោយចោទ​ប្រកាន់​ប្រទេស​នេះ​ថា បាន​គាំ​ទ្រ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​តំបន់។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

បើ​តាម​ការ​​ចុះផ្សាយ​របស់ AP ក្រៅ​ពី​ដែន​ដី​កោះ​ម៉ាល់ឌីវ ប្រទេស​បារ៉ែន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម និង​ប្រទេស​យេមែន មិន​បាន​ទាមទារ​អ្វី​ពី​ប្រទេស​កាតា​នោះ​ឡើយ ខណៈ​ដែល​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​បាន​នាំ​ឲ្យ​មណ្ឌល​ធ្វើ​ដំណើរ​អន្តរជាតិ​មួយ​នេះ ធ្លាក់​ចូល​ក្នុង​វិបត្តិ​ចលា​ចល និង​បង្ក​ឲ្យ​មាន​វិបត្តិ​កាទូត​ធំ​បំផុត​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​ប្រឆាំង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ​១៩៩១។

ប្រទេស​កាតា​ ​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក​នៅ​ឆ្នាំ​២០២២ និង​ជា​​មូលដ្ឋាន​កង​ទ័ព​អាមេរិក​ប្រហែល ១​ម៉ឺន​នាក់។ ប្រទេស​នេះ​បាន​រិះគន់​ការ​សម្រេច​ចិត្ត​បែប​នេះ​ថា ជា​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​របស់​ខ្លួន។ កាតា​បាន​បដិសេធ​ជា​យូរ​មក​ហើយ​ថា ខ្លួន​មិន​បាន​គាំ​ទ្រ​ក្រុម​ឧទ្ទាម​បះបោរ​នោះ​ទេ ហើយ​ចាត់​ទុក​វិបត្តិ​នេះ​ថា កំពុង​ឆាប​ឆេះ​ដោយសារ​តែ​​ព័ត៌មាន​ប្រឌិត ដែល​កើត​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ដែល​កាតា​និយាយ​ថា ត្រូវ​បាន​គេ​ហ៊ែក​នា​ពេល​ថ្មីៗ​នេះ។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន Reuters វិញ បាន​ចុះ​ផ្សាយ​ថា ការ​សម្រេច​ចិត្ត​នេះ បាន​ប៉ះ​ពាល់​យ៉ាង​ធំ​ធេង​ដល់​ជើង​ហោះ​ហើរ​នៅ​ទូទាំង​តំបន់​អារ៉ាប់។ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ហាម​ឃាត់​ការ​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតា​មិន​ឲ្យ​ឆ្លង​កាត់​ដែន​អាកាស​របស់​ខ្លួន ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airway និង Emirates Airline បាន​និយាយ​ថា ពួកគេ​បញ្ឈប់​ជើង​ហោះ​ហើរ​ទាំង​អស់​ទៅ​កាន់​ និងម​ក​ពី​ទីក្រុង​ដូហា ចាប់​ពី​ព្រឹក​ថ្ងៃ​នេះ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

កាតា​គឺ​ជា​មណ្ឌល​អាកាសចរណ៍​ពិភព​លោក ហើយ​អាកាស​យាន​ដ្ឋាន​ជាច្រើន​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស សុទ្ធ​តែ​មាន​បណ្ដាញ​ជើង​ហោះ​ហើរ​អន្តរជាតិ​ជាមួយ​ប្រទេស​កាតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ