មន្ត្រី​យោធា​ហ្វីលីពីន​ថា ពួក​ឧទ្ទាម​​ត្រៀម​ដណ្ដើម​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​រយៈ​ពេល​យូរ

ក្រុម​មន្ត្រី​ហ្វីលីពីន​និយាយ​ថា ពួក​ឧទ្ទាម​ឥស្លាម​ដែល​​គ្រប់​គ្រង​លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ារ៉ាវី នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​កាន់​កាប់​ទីក្រុង​នេះ​រយៈ​ពេល​យូរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន BBC។

សារព័ត៌មាន​អង់គ្លេស​មួយ​នេះ​ចុះ​ផ្សាយ​ថា កម្លាំង​សន្តិសុខ​កំពុង​តែ​ព្យាយាម​​បណ្ដេញ​ពួក​ខ្មាន់​កាំភ្លើង​ចេញ ចាប់​តាំង​​ពី​ពួកគេ​ចាប់​ផ្ដើម​វាយ​ប្រហារ​លើ​ទីក្រុង​នេះ​កាល​ពី​ពីរ​សប្ដាហ៍​មុន។

ក្រុម​មន្ត្រី​យោធា​បាន​និយាយ​ថា ពួក​ឧទ្ទាម​កំពុង​លាក់​ខ្លួន​តាម​ផ្លូវ​ក្រោម​ដី និង​តាម​មូលដ្ឋាន ផ្ទុក​ទៅ​ស្បៀង​អាហារ និង​អាវុធ។

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម និង​កង​កម្លាំង​សន្តិសុខ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧០​នាក់ ក្នុង​នោះ​មាន​ទាំង​ជន​ស៊ីវិល ២០​នាក់ ហើយ​អ្នក​ស្រុក​ជាង ១៨​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។

ជន​ស៊ីវិល​រាប់​រយ​នាក់ ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម ទាំង​មាន​ស្បៀង​អាហារ​ផ្គត់​ផ្គង់​តិច​តួច។

កង​កម្លាំង​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នោះ បាន​អះអាង​កាល​ពី​ដំបូង​ថា ខ្លួន​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​សមរភូមិ ប៉ុន្តែ មិន​ទាន់​ដណ្ដើម​បាន​ទីក្រុង​ទាំង​មូល​មក​វិញ​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ